ការនាំចេញស្រូវរបស់កម្ពុជា​ បានត្រឡប់មកប្រក្រតីឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតចាប់ពីបញ្ចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម រហូតមកដល់បច្ចុប្បន្ននេះ បានកត់សម្គាល់ឃើញ ដំណើរការនាំចេញស្រូវពីកម្ពុជាទៅទីផ្សារអន្តរជាតិ ក៏ដូចជាតម្លៃស្រូវ គឺបានកើនឡើងមកក្នុងកម្រិតជាធម្មតាវិញហើយ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា ជាទូទៅ ការប្រមូលផលស្រូវមិនមានការខុសប្លែកគ្នាប៉ុន្មានទេ ពីព្រោះពាក់ព័ន្ធការដាំដុះ ផ្ទុយទៅវិញអ្វីគឺមើលឃើញថា មានការប្រែប្រួលច្រើន គឺពាក់ព័ន្ធទៅនឹងការនាំចេញស្រូវពីប្រទេសកម្ពុជា ដែលឃើញកន្លងមក កាលពេលដែលថ្លៃស្រូវមានបញ្ហាខ្លាំងកាលពីដើមខែនោះ គឺទំហំនៃការនាំចេញតិចដែលបានដាក់សំពាធខ្លាំងទៅលើថ្លៃស្រូវ។ លោកបានបន្តថា ផ្ទុយទៅវិញក្រោយពីមានវិធានការណ៍មួយចំនួនពីការកៀគរជួយប្រមូលទិញពីរោងម៉ាស៊ីនក្នុងស្រុក ពីអ្នកប្រើប្រាស់ក្នុងស្រុក ក៏ដូចជាការអំពាវនាវ និងវិធានការណ៍ផ្សេងៗនោះ គឺឃើញថាការនាំចេញស្រូវប្រចាំថ្ងៃមានការកើនឡើងគួរឲ្យកត់សម្គាល់ លើកលែងតែចន្លោះពេលចូលឆ្នាំចិន-វៀតណាម ដែលចំនួននេះមានការធ្លាក់ចុះបន្តិច តែបច្ចុប្បន្ននេះ គឺបានកើនឡើងមកក្នុងកម្រិតជាធម្មតាវិញហើយ។

លោកអនុរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា “មួយរយៈកាលចុងក្រោយនេះ ឃើញមានប្រជាកសិករជាច្រើន បានងាកមកចាប់អារម្មណ៍ក្នុងការចងក្រងជាសហគមន៍កសិកម្មទំនើប ទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនអាចរៀបចំបានភ្លាមៗនោះទេ ព្រោះការរៀបចំការងារនេះទាមទានូវការត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក៏ដូចជាតម្រូវឲ្យមានគ្នាគ្រប់គ្រាន់ទើបយើងអាចរៀបចំជាសហគមន៍កសិកម្មទំនើបបាន “។

ទាក់ទិនបញ្ហាស្រូវអង្ករនេះដែរ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ ស្ថានភាពស្រូវ គឺមានភាពល្អប្រសើរ ហើយតម្លៃក៏ល្អជាងមុនដែរ។ លោកបញ្ជាក់ថា ពេលនេះ តម្លៃស្រូវពូជប្រភេទ អូអិម (OM) នៅក្នុងចន្លោះ ៨៦០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកឯ ស្រូវពូជស្រង៉ែ តម្លៃចន្លោះ ១,០៣០ ទៅ ១,០៥០រៀល ក្នុងមួយគីឡូ។

លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ទៀតថា ជុំវិញការនាំចេញស្រូវមកដល់ពេលនេះ កត់សម្គាល់ឃើញដែរថា ក៏មានការវិលត្រឡប់មកប្រក្រតីឡើងវិញហើយ។ ក្នុងពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏កំពុងជំរុញអភិវឌ្ឍកម្មវិធី អេសអាភី (SRP) ឬហៅថាជាប្រភេទស្រូវមាននិរន្ត៍រភាព ជាស្តង់ដារមួយថ្មី ដើម្បីឲ្យប្រជាកសិករទទួលបាននូវតម្លៃស្រូវមួយដែលល្អ ហើយថ្លៃ។

...

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន លើកទឹកចិត្តដល់ប្រជាកសិករឲ្យងាកមកដាំពូជយុទ្ធសាស្រ្តរបស់កម្ពុជាដែលជាអង្ករក្រអូប ក៏ដូចជាការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីព្រោះដើម្បីធានាថា មានភាពច្បាស់លាស់ តម្លៃល្អ ទទួលបានព័ត៌មានមុននឹងធ្វើការសម្រេចចិត្តដាំ ហើយអ្វីដែលចង់លើកទឹកចិត្តបន្ថែមទៀតនោះ គឺការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print