ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា វេលាម៉ោង០៣និង០០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតក្នុងភូមិសាស្ត្រ រហូតដល់ចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញក្មេងទំនើងមួយក្រុមកំពុងប្រមូលផ្តុំគ្នា ភ្លាមនោះកម្លាំងល្បាតបានចុះទៅឆែកឆេរតែក្រុមក្មេងទំនើងទាំងនោះបានរត់គេចខ្លួន កម្លាំងល្បាតក៏បានដេញចាប់បានចំនួន០៣នាក់រួមមាន៖ ១.ឈ្មោះ ជី ភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ហុង ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ រឿន ចាន់វ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រួមទាំងដកហូតវត្ថុតាងកាំបិតចំនួន០២ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាជាលទ្ធផល វិជ្ជមាន(+) ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន សួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា វត្ថុតាងខាងលេីពិតជារបស់ពួកខ្លួន ហើយពួកខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា