ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីកាត់ខ្សែបូ សម្ពោធឆ្លងអគារសិក្សានិងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រុមប្រឆាំងមួយចំនួនបានលើកយករឿងសញ្ញាបត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅធ្វើអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយ ពោលគឺដើម្បីរិះគន់មកលើសមត្ថភាពរបស់សម្តេចធិបតី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពួកប្រឆាំងបានស្ងាត់មាត់ ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសញ្ញាបត្រលើបណ្តាញសង្គម។ រីឯអ្នកដែលរករឿងសម្តេច ហ៊ុន ម៉ាណែត ថាមិនមែនជាបណ្ឌិត តាមពិតខ្លួនគេទៅវិញទេដែលមិនមែនជាបណ្ឌិត។ សម្ដេចតេជោបន្តថា បើទោះជាខ្លួនគេមានសញ្ញាបត្របណ្ឌិតក៏ដោយ ក៏គេមិនមានសិទ្ធិធ្វើអត្ថាធិប្បាយលើនិក្ខេបបទរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដែរ ព្រោះបើធ្វើដូច្នោះ វាស្មើនឹងវាយក្បាលសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ Bristol ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «អ្នកល្ងង់នៅដឹកនាំប្រទេស ប៉ុន្តែអាអ្នកឆ្លាតរត់ចោលប្រទេស»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ គឺចង់ចម្អកទៅទណ្ឌិតក្បត់ជាតិនិងបក្ខពួក ដែលតែងតែអះអាងថាខ្លួនឯងឆ្លាត ប៉ុន្តែខ្លួនបែជាឱ្យអ្នកល្ងង់ប្រើក្បាលខ្លួនទៅវិញ ជាពិសេសការកែរដ្ឋធម្មនុញ្ញពី ២/៣ ទៅ ៥០+១ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាអស់សំណើចដែលមានអ្នកខ្លះតែងតែប្រកាសអួតថាខ្លួនឯងឆ្លាតហើយរិះគន់សម្តេចថា ល្ងង់ប៉ុន្តែអ្នកដែលគេចោទថាល្ងង់ បែជាធ្លាប់ដឹកនាំប្រទេសរាប់សិបឆ្នាំនិងធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ តែអ្នកដែលឆ្លាតបែជារត់ចោលស្រុកទៅវិញនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្រុមប្រឆាំងមួយចំនួនជាពិសេសក្រុម ទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលតែងតែអួតខ្លួនឯងឆ្លាតនោះ ក៏បានយករឿងរ៉ាវសញ្ញាបត្រ ឬនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមកធ្វើជាអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការចោទប្រកាន់ក៏ត្រូវបានសម្តេចធិបតីឆ្លើយតប ទៅវិញយ៉ាងចាស់ដៃផងដែរ កាលពីឆ្នាំ២០២៣កន្លងទៅនោះ៕
ដោយ ៖ សិលា