អភិបាល​ខេត្ត​ព្រះសីហនុ​៖​ ណែនាំដល់មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងដាក់កម្លាំងពិនិត្យមើលជាប់ជាប្រចាំ ដើម្បីឱ្យឆ្នេររបស់យើងស្អាតឡើងវិញ ដើម្បីបំរើឱ្យភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារសម្អាតឆ្នេរសមុទ្រដែលបានចូលរួមសម្អាតប្រេងអណ្តែតលើទឹកសមុទ្រនៅឆ្នេរព្រែកត្រែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ អភិបាលរងស្រុកស្ទឹងហាវ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងក្រុមការងារសម្អាតឆ្នេរសមុទ្រព្រែកត្រែង។

ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីចូលរួមសម្អាតឆ្នេររបស់យើង ព្រោះយើងបានដឹងហើយថា ប៉ុន្មានថ្ងៃមុនមានករណីលិចប្រេងខ្មៅអណ្តែតមកលើឆ្នេររបស់យើង ដោយមានកិច្ចសហការជាមួយក្រសួងរ៉ែថាមពល ក្រសួងបរិស្ថាន និងមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងតំណាងក្រុមហ៊ុន ដើម្បីឱ្យឆ្នេររបស់យើងបានស្អាតឡើងវិញ រហូតមកដល់ថ្ងៃនេះ ឆ្នេររបស់យើងអាចនិយាយបានថា ស្ទើរតែដូចដើម ១០០ភាគរយ នៅសល់កំណកប្រេងបន្តិចបន្តួច យើងត្រូវចំណាយពេលកែសម្រួលឈានទៅដូចដើមវិញ។

លោកអភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងដាក់កម្លាំងពិនិត្យមើលជាប់ជាប្រចាំ ដើម្បីឱ្យឆ្នេររបស់យើងស្អាតឡើងវិញ ដើម្បីបំរើឱ្យភ្ញៀវទេសចរណ៍ ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានណែនាំឱ្យរដ្ឋបាលខេត្ត ធ្វើយ៉ាងណាខិតខំសម្អាតឆ្នេរឱ្យបានស្អាត ដែលមានកម្លាំងប្រជាការពារ កម្លាំងអនាម័យក្រុង បុគ្គលិកក្រុមហ៊ុន រួមនឹងកម្លាំងអនាម័យស្រុកស្ទឹងហាវ និងមន្ត្រីរាជការជុំវិញខេត្ត។ ក្នុងក្របខណ្ឌខេត្តយើង ដែលមានឆ្នេរច្រើនទាមទារឱ្យយើងចូលរួមសម្អាតបំរើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិរក្សានូវកិត្តិយស និងភាពទាក់ទាញពីភ្ញៀវជាតិ អន្តរជាតិ មកកាន់តំបន់ឆ្នេរខេត្តព្រះសីហនុ ហើយពួកគាត់នឹងបន្តជួយផ្សព្វផ្សាយឆ្នេរសមុទ្ររបស់យើងជាឆ្នេរស្អាតដែលប្រសិទ្ធនាមថា “តារារះនាទិសនារតី” យើងត្រូវរួមគ្នាសម្អាតឆ្នេរក្នុងក្រុងរបស់យើង ព្រោះយើងត្រូវការសន្តិសុខ សុវត្ថិភាព បរិស្ថានអនាម័យក្នុងក្រុងរបស់យើងដោយមិនចង់ឱ្យខេត្តរបស់យើងមិនមានបរិស្ថាន អនាម័យល្អនោះទេ ទន្ទឹមនោះដើម្បីឱ្យស្អាត គឺត្រូវសម្អាតជាប្រចាំ ដើម្បីឱ្យឆ្នេរយើងស្អាត។ ព្រោះរដ្ឋបាលខេត្តបានរៀបចំទីតាំងដាក់ធុងសំរាម និងបានធ្វើការអំពាវនាវដល់អ្នកលក់ដូរនៅតាមតំបន់ឆ្នេរ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ រួចយកទៅដាក់នៅដាក់ក្នុងធុងសំរាមនៅតាមទីតាំងតំបន់ឆ្នេរ។

ទន្ទឹមនោះយើងក៏រៀបចំធ្វើយុទ្ធនាការដាំដើមឈើនៅក្នុងក្រុងរបស់យើង គ្រប់ផ្លូវក្នុងខេត្តឱ្យមានដើមឈើរស្រស់បំព្រងជាទីក្រុងឆ្លាតវៃ ត្រូវការមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងអង្គភាពនៅជុំវិញខេត្ត ក្នុងការជួយថែទាំ ស្រោចទឹកដើមឈើដែលបានដាំដុះនៅតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន ព្រោះដើមឈើវាបានផ្តល់ជាម្លប់ និងអុកស៊ីសែនសម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ។

...

អំណោយដែលបានចែកជូនដល់ក្រុមការងារសម្អាតឆ្នេរសមុទ្រព្រែកត្រែង ដែលមានក្រុមការងារអនាម័យ ប្រជាការពារភូមិ និងបុគ្គលិកក្រុមហ៊ុនសរុបចំនួន ២៣៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២០គីឡូក្រាម ទឹកក្រូច ១កេស និងថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ចំនួន ១០ម៉ឺនរៀល៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print