តើសម្តេចតេជោ ហ៊ុន សែន បានលើកឡើងអ្វីខ្លះពីដំណើរនៃជាតិកម្ពុជា?

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការរំដោះចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បានធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ រហូតធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យយើងបាត់បង់អ្វីៗស្ទើរតែសូន្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់នាយករដ្ឋមន្រ្តីនោះឡើយ លើកលែងតែក្នុងករណីមានការស្នើសុំពិគ្រោះយោបល់។ ការធ្វើបែបនេះគឺដើម្បីផ្តល់ឱកាសអោយនាយករដ្ឋមន្រ្តីបន្តវេនអាចមានលទ្ធភាពពង្រឹងខ្លួនឯងឱ្យឈរជើងយ៉ាងរឹងមាំក្នុងការងារដឹកនាំប្រទេសជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រុមបន្ដវេនគេកំពុងបង្កើនល្បឿន ម្ខាងគឺរក្សាសន្ដិសុខភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ពិសេសសន្ដិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ម្ខាងទៀត ធានាដល់ការអភិវឌ្ឍជាបន្ដ កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំបន្ដវេនក៏មានជាង៥.៦ភាគរយ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៤កន្លងទៅ ក៏មាន៦ភាគរយដែរ ហើយឆ្នាំនេះអាចមានកំណើនលើស ក្នុងរយៈពេល១៧ខែមកនេះ គ្មានការភ័យខ្លាចណាមួយក្នុងការបាត់បង់សន្ដិភាពទេ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា, បើទោះបីក្រោយសម្ដេចចូលគាល់ព្រះមហាក្សត្រ និងប្រកាសជាសាធារណៈអំពីការចុះចេញពីតំណែងជានាយករដ្ឋមន្ដ្រី មានការព្រួយបារម្ភអំពីស្ថានភាពរបស់ប្រទេសកម្ពុជា ប៉ុន្ដែនៅពេលនេះ រយៈពេល១៧ខែ គឺបានចេញនូវចម្លើយយ៉ាងជាក់ច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ក្នុងការបន្ដឲ្យអ្នកជំនាន់ក្រោយដឹកនាំប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ថា ត្បិតកម្ពុជាបានពើបប្រទះជាមួយការលំបាកខាងផ្នែកសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩ និងក្រោយសង្គ្រាមនៅរុស្ស៉ី-អ៊ុយក្រែន ព្រមទាំងទណ្ឌកម្មច្របូកច្របល់នៅលើពិភពលោក ដែលមានផលប៉ះពាល់ដល់កម្ពុជា ប៉ុន្ដែសម្រាប់កម្ពុជាទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៤កន្លងទៅនេះ គឺមានជាង៥៥ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣។
ផ្អែកតាមទិន្នន័យរយៈពេលពេញមួយ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ពាន់លានដុល្លារ កើនឡើង១៥.៧% ខណៈការនាំចូលមានទឹកប្រាក់២៨.៥៤ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print