ភ្នំពេញ ៖ ស្ពានតាតៃ ជាប្រភេទស្ពានបេតុង មានប្រវែង ៣០៩ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ហើយស្ថិតនៅលើផ្លូវជាតិលេខ៤៨ ដែលផ្លូវជាតិនេះកំពុងត្រូវបានស្តារ និងលើកកម្រិតគុណភាព ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
បន្ទាប់ពីសាងសង់ស្ពាននេះរួចរាល់មក តាតៃបានប្រែមុខមាត់ថ្មី បានក្លាយទៅជាតំបន់អេកូទេសចរណ៍មួយ ដែលមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសល្អបរិសុទ្ធ លាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ និងជិះទូកកម្សាន្តតាមដងស្ទឹងតាតៃបានផងដែរ។
តំបន់នេះកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកសម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដោយមានស្ពានមួយដែលអាចជួយសម្រួលដល់ការធ្វើដំណើរ និងការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ ការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕
ដោយ ៖ សិលា