ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សភាពការណ៍គ្រឿងញៀនរបស់ពិភពលោកនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយមិនទាន់មានភាពធូរ ស្រាលនៅឡើយដែលសហគមន៍អន្តរជាតិកំពុងប្រមូលផ្តុំយកចិត្តទុកដាក់ដោះស្រាយ។
ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមានឡើងដូចជានៅតំបន់ត្រីកោណមាសនិងនៅតំបន់អឌ្ឍចន្ទមាសជាដើម។ ពួកឧក្រិដ្ឋជនគ្រឿងញៀនតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រនិងប្រប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀន ប្រភេទថ្មីៗដែលកំពុងកើនឡើង និងគេចវេះពីការចាប់ខ្លួន។
ដោយឡែកសភាពការណ៍គ្រឿងញៀននៅកម្ពុជា ក៏នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ ដោយក្នុងនោះ ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និង ការកែច្នៃផលិតគ្រឿងញៀន នៅតែបន្តកើតមានក្នុងសង្គមកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ដើម្បីក្លាយជាផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៩លើកកន្លងមក (២០១៧-២០២៤) អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានអនុវត្តនិងបំពេញតួនាទីយ៉ាងសកម្មលើកិច្ចការសំខាន់ៗមួយចំនួន (១) ជំរុញការផ្សព្វផ្សាយអប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ៧៥៦ ៩៣៤ លើក ដែលមានអ្នកចូលរួមនិងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង (តួលេខ បូកយោងសរុបចំនួន ៣២ ៨៥៥ ២២៤ អង្គ/នាក់)។ ជាពិសេសក្នុងឆ្នាំ២០២៤កន្លងមកនេះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសហការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងវេទិកាផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដ៏ធំមួយគឺ «ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤» ដែលត្រូវបានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) ទទួលស្គាល់និងកោតសរសើរចំពោះកម្ពុជាជាប្រទេសគំរូ ក្នុងការរៀបចំទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្កើតកម្មវិធីទូរស័ព្ទដៃ NoDrug ជាដើម (២) ជំរុញការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយបានបិទទីតាំងអាជីវកម្មសរុបចំនួន ៤៨ កន្លែង និងបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម រួមទាំងរឹបអូសមធ្យោបាយ សម្ភារៈ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំងចំនួន ៦២៧ ករណី ឃាត់ខ្លួនឧក្រិដ្ឋជនមេខ្លោង ១៩៥ នាក់ និងបណ្តាញខ្សែរយៈ ១ ៤៥៣ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ (៣) បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនិងស្តារនីតិសម្បទាសរុបចំនួន១៤៥ ៧៩០ នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារនិងសហគមន៍វិញសរុបចំនួន ៨១ ៦៧៥ នាក់៕
ដោយ ៖ សិលា