«ពលរដ្ឋម្នាក់ ក៏ជានគរបាលមួយរូប» ពាក្យនេះមានអត្ថន័យបែបណា?

ចែករំលែក៖

ភ្នំពេញ ៖ ពាក្យថា «ពលរដ្ឋ» បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថាជា ពលរបស់រដ្ឋ ពលរដ្ឋអាស្រ័យនៅក្នុងរដ្ឋ ប្រជាជនទាំងប្រុស ទាំងស្រីដែលទុកជាកម្លាំងរបស់ប្រទេស។ ចំណែកពាក្យ «នគរបាល» មានន័យថាជាអ្នករក្សានគរ។ បើតាមព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីនគរបាលមានភារកិច្ចថែរក្សា ការពារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាព និង ស្ថេរភាពសង្គម ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ក្នុងទំនាក់ទំនងរវាងពលរដ្ឋ និងនគរបាល មានទស្សនៈមួយបានលើកឡើងថា «ពលរដ្ឋម្នាក់ ក៏ជានគរបាលមួយរូប»។ តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងដូចម្ដេច? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានសាកល្បងពន្យល់ថា ទស្សនៈខាងលើនេះ ចង់មានន័យបំផុស និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋតាមមូលដ្ឋាន ចូលរួមចំណែកគាំទ្រការងារនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់របស់ខ្លួន តាមរយៈសកម្មភាពជាអាទិ៍ ការមិនប្រព្រឹត្តបទល្មើស ការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសារ មិត្តភក្ដិ និងសហគមន៍ឱ្យគោរពច្បាប់ មានសីលធម៌ល្អក្នុងសង្គម និងការរាយការណ៍អំពីបទល្មើសនានាក្នុងសហគមន៍ជូននគរបាលជាដើម។

សរុបមក បើតាមលោកបណ្ឌិត ទូច សុឃៈ កម្លាំងនគរបាលក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ទោះបន្ថែមចំនួនលើសបច្ចុប្បន្នគុណនឹងពីរក៏ដោយ ក៏មិនអាចបំពេញការងារបានជោគជ័យល្អនោះដែរ ប្រសិនបើពលរដ្ឋម្នាក់ៗក្នុងសហគមន៍ ពុំបានចូលរួមសកម្មភាពប្រៀបបាននគរបាលមួយរូបដូចការពន្យល់ខាងលើ។ ផ្ទុយទៅវិញ ទំនាក់ទំនងល្អរវាងតួអង្គទាំងពីរ នឹងរួមចំណែកពង្រឹងបានភាពសុខសាន្តក្នុងសហគមន៍ ជាពិសេសភាពជោគជ័យនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print