ខេត្តស្ទឹងត្រែង ៖ លោក លឹម ទីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន អមដំណើរជាមួយ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងារ ចុះពិនិត្យទីតាំង ដែលត្រូវសាងសង់រង្វង់មូល បញ្ចៀសការគ្រោះថ្នាក់ចរាចរ ខណៈពេលការបើកបរមិនមានការប្រុងប្រយ័ត្ន។
ការចុះពិនិត្យនារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ឈានទៅសិក្សាពីលទ្ធភាព ក្នុងការសាងសង់រង្វង់មូល នៅចំណុចផ្លូវបំបែកជាបី អូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅលើផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ចូលមកខេត្តស្ទឹងត្រែង និងបំបែកទៅផ្លូវជាតិលេខ៧៨ ឆ្ពោះទៅខេត្តរតនគិរី ។
នៅរសៀលថ្ងៃដដែលនោះ លោកអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យ ផ្លូវបំបែកជា៤មួយខ្សែទៀត គឺជាផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៩ និងផ្លូវខេត្ត ដែលមានផលលំបាក់បង្កការគ្រោះថ្នាក់ចរាចរជាញឹកញាប់ ។
នាឱកាសនោះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាល បានលើកឡើងដល់ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយលោក លឹម ទីដេនីន ពិនិត្យពិចារណា សិក្សាលើលទ្ធភាព ស្ថាបនាជារង្វងមូល មួយបន្ថែមទៀត ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរ ជា យថាហេតុ ញឹកញាប់។
លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា នៅចំណុចជាអាទិភាព ផ្លូវជាតិ និងផ្លូវខេត្ត ដោយលើកនូវគម្រោងទី១ ដាក់ភ្លើងសញ្ញាចរាចរសិន និងទី២ គឺនឹងត្រូវសិក្សាគម្រោង ធ្វើរង្វង់មូល ប្រើប្រាស់បានយូរអង្វែង សំរាប់ការចៀសផុតពីការគ្រោះថ្នាក់ចរាចរ របស់ប្រជាពលរដ្ឋ ។
ការដឹកនាំរបស់សម្តេចបវធិបតី និងការដឹកនាំរបស់លោក អភិបាលខេត្ត គឺមានការយកចិត្តទុកដាក់ ទៅលើជីវភាព ទុក្ខលំបាក់របស់ប្រជាពលរដ្ឋ និងការគ្រោះថ្នាក់ចរាចរជាកក្តាចម្បង ដោយធ្វើយ៉ាងណាផ្តល់សេចក្តីសុខនិងសុភមង្គលជូនប្រជាជនទាំងមូល។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖
ការស្នើសុំក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្ថាបនារង្វង់មូលនៅចំណុចផ្លូវបំបែកជាបួន ភូមិរាជា នុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងនេះ គឺបានគិតគូរអាយុជីវិតរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ មិនគោរពច្បាប់ចរាចរ និងការធ្វេសប្រហែសដោយប្រការណាមួយ គឺជារឿងសំខាន់។
អ្វីដែលជាគោលគំនិតរបស់ខេត្ត បានលើកសំណូមពរដល់ថ្នាក់ដឹកនាំក្រសួង ក្នុងគោលបំណងផ្តល់ សុភមគង្គលជូនប្រជាពលរដ្ឋ រួមជាមួយការផ្តល់សោភ័ណ្ឌភាព សំរាប់ខេត្តភាគឦសានស្របតាមគោលនយោបាយដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង