ខេត្តព្រះសីហនុ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាកងទព័ជើងទឹកប្រទេសឥណ្ឌាចំនួន ២គ្រឿង ក្នុងនោះមួយគ្រឿងជានាវាចម្បាំងនិងមួយគ្រឿងទៀតជានាវាឆ្មាំសមុទ្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៤កុម្ភៈដល់១៧កុម្ភៈ។ ពេលប្រតិភូនាវាចូលចតដល់កំពង់ផែ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប រួមនិងមន្ត្រីអាជ្ញាធរព្រមទាំងសមត្ថកិច្ចកម្ពុជាមួយចំនួនទៀត បានអញ្ជើញទៅទទួលស្វាគមន៍ ។
ប្រធានប្រតិភូនាវាកងទព័ជើងទឹកប្រទេសឥណ្ឌាឲ្យបណ្តាញផ្សព្វផ្សាយដឹងថា នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន០២គ្រឿងដែលចូលចតធ្វើទស្សនកិច្ចនៅកម្ពុជានេះរួមមាន នាវាទីមួយឈ្មោះ INS SUJATA លេខ P56ប្រភេទ OPV ដឹកនាំដោយមេបញ្ជាការនាវា វរនាវីទោ ARJUN SEKHAR។ នាវាទីពីរឈ្មោះ ICGS VEERA លេខ 35ប្រភេទ OPV ដឹកនាំដោយមេបញ្ជាការនាវា វរនាវីទោ RAMESH V TALKE ។
មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេល៤ថ្ងៃ ប្រតិភូនាវាកងទព័ជើងទឹកឥណ្ឌានឹងមានជំនួបពិភាក្សាការងារជាមិត្តភាពជាមួយសមភាគីកម្ពុជា ការធ្វើទស្សនកិច្ចនិងមានគម្រោងធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា និងកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីដកស្រង់បទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការកងទព័ជើងទឹកប្រទេសទាំង២ កម្ពុជា-ឥណ្ឌា៕