* សម្រស់អាងអូន ដូនអាល័យ
សំឡេងមាន់រងាវបានបន្លឺឡើងផ្ទួនៗហាក់បីដូចជាសំឡេងរគាំងអង្រួនឮសូរញាប់រន្ថាន់។ មិនយូរប៉ុន្មាន ស្បៃអន្ធការ ដែលគ្របដណ្ដប់លើផែនពសុធា បានរសាត់ផាយផាត់ឆ្ងាយបន្តិចម្ដងៗដោយជំនួសមកវិញនូវផ្ទៃវេហាពណ៌លឿងទុំ លាយឡំផ្ទៃមេឃពណ៌ខៀវស្រទន់យ៉ាងស្រស់បំព្រង។ ព្រះសុរិយាបានអើតអង្គបង្ហាញកាយមិនឆ្ងាយពីមាត់ព្រៃព្រឹក្សានៅក្បែរភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ក្នុងភូមិនេះមានផ្ទះប៉ិតមួយខ្នងយ៉ាងស្រស់ស្អាតប្លែកពីគេ វាបានបង្អួតកាយបង្ហាញសម្រស់ ជាផ្ទះម៉ូតខ្មែរបុរាណយ៉ាងចំណានលម្អទៅដោយដំបូលប្រក់ក្បឿងពណ៌ក្រហមស្រគាំ លេចឡើងនៅចំកណ្ដាលរុក្ខជាតិពណ៌បៃតងស្រស់។
នៅក្រោមផ្ទះនេះមានដូនចាស់ម្នាក់ដែលមានអាយុប្រហែល ៦១ឆ្នាំកំពុងញាប់ដៃញាប់ជើងចំអិនម្ហូបអាហារមានឈ្មោះថា ដូនសុន។ គាត់មានកូនប្រុសតែម្នាក់គត់ឈ្មោះ សុខ រស់ ដែលមានប្រពន្ធឈ្មោះ នាង សុភាព ហើយពួកគេរស់នៅភូមិផ្សេងពីដូនសុន ។ កូនស្រីច្បងរបស់ សុខ រស់ និងនាងសុភាព បានមករស់នៅជាមួយដូនសុនដើម្បីបានរៀនសូត្រនិងនៅបម្រើដូនសុនផង។ ចៅស្រី ដូនសុន មានឈ្មោះថា ធីតា ជាសិស្សថ្នាក់ទី ៩ (ក) នៃវិទ្យាល័យមួយក្នុងស្រុកភ្នំស្រុក។ វេលាម៉ោង ១១និង ២០នាទីព្រឹកសំឡេងឡាន ម៉ូតូ កង់ និងសំឡេងមាត់មនុស្សជាច្រើនដើរយ៉ាងអ៊ូអរកើតមានតាមផ្លូវលាន់ឮមិនដាច់សូរ ពីព្រោះជាពេលដែលសិស្សានុសិស្សមន្ត្រីរាជការចេញពីរៀន និងចេញពីកន្លែងធ្វើការ។មិនយូរប៉ុន្មានមានម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅរលើបរលោងយ៉ាងស្រស់សង្ហាបានបើកចូលទៅក្រោមផ្ទះដូនសុន។ ក្មេងស្រីជំទង់ម្នាក់ដែលមានសម្រស់ស្រស់សោភា បានស្ពាយកាបូបសិក្សាពណ៌ក្រហម ពាក់អាវដៃវែងពណ៌សនិងស្លៀកសំពត់ពណ៌ខៀវទឹកប៊ិក។នាងពន្លត់ម៉ាស៊ីនម៉ូតូ ហើយដើរសំដៅទៅរកដូនសុន។ លុះទៅដល់ហើយ នាងក៏ឱនក្បាលនិងលើកដៃសំពះដោយដាក់ចុងម្រាមដៃត្រឹមច្រមុះហើយបន្លឺវាចាថា ” ជម្រាបសួរលោកយាយ ចៅមកពីសាលារៀនវិញហើយ ” ។ ដូនសុន ងាកមុខមកដោយដៃរបស់គាត់មានកាន់វែកធ្វើម្ហូបជាប់ផងនោះឆ្លើយតបដោយទឹកមុខញញឹមថា ល្អហើយចៅស្រីចៅទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅ រួចសឹមមកហូបបាយជាមួយគ្នា។
ក្រោយពី ធីតា បានងូតទឹកផ្លាស់សម្លៀកបំពាក់រួចហើយ នាងបានមកហូបបាយថ្ងៃត្រង់ជាមួយជីដូន រួចរាល់ ហើយក៏ប្រញាប់ប្រញាល់ឌុបជីដូនទៅកាន់វត្តត្រពាំងថ្ម។ បន្ទាប់ពីចេញពីវត្ត ដូនសុន បានឲ្យចៅស្រីរបស់គាត់ជូនគាត់ទៅលំហែនៅអាងត្រពាំងថ្មដែលគាត់ហៅថា” អាងអូន ជីដូនអាល័យ” ។ ដូនសុន ធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយនឹងអាងនេះ។ អាងត្រពាំងថ្មបច្ចុប្បន្ននេះ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សម្រស់ ” អាងអូន ដូនអាល័យ” ដែលដូនសុនតែងតែហៅឈ្មោះជាប់មាត់របស់គាត់នោះ គឺគាត់សំដៅដល់អាងត្រពាំងថ្មនេះតែម្ដង។ អាងអើយអាងអ្នកស្រស់ស្អាតអ្វីម៉្លេះ ផ្ទៃទឹកធំល្វឹងល្វើយហាក់បីដូចជាមហាទន្លេដែលបំពេដោយរលកបោកបក់គ្រាំៗ យោលអន្ទោលទៅមកដោយកម្លាំងវាយោ។ ក្នុងផ្ទៃទឹករងថ្លាត្រជាក់ដល់ក្រអៅបេះដូងនៃទេសចរណ៍គ្រប់ប្រាណដែលមកសម្រាកសម្រាន្តទស្សនា និងងូតទឹកលេងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ។ ក្នុងទឹកពេញដោយរុក្ខជាតិ ឈូក ព្រលឹត លំចង់ រីកផ្ការហង់ចម្រុះពណ៌ ក្រហម លឿងស្វាយ ចោលក្លិនក្រអូបសាយសព្វគ្រប់ទិសឋាន។
ខ្នងអាងធំយ៉ាងមាំទាំ លម្អទៅដោយរុក្ខជាតិជាជួរជួរ ចោលម្លប់យ៉ាងត្រឈឹងត្រឈៃ ជាកន្លែងអង្គុយលេងយ៉ាងមនោរម្យរបស់ជននានា ក្នុងការគយគន់ទេសភាពអាង និងស្រូបខ្យល់ជំនោរដ៏បរិសុទ្ធជុំវិញអាងត្រពាំងថ្ម។ ខាងក្រោមខ្នងអាង សុទ្ធតែវាលស្រែស្រូវកំពុងលូតលាស់បង្អួតសម្រស់ម្ចាស់កសិដ្ឋានឲ្យមានទឹកមុខញញឹម និងសង្ឃឹមជានិច្ចចំពោះកសិផលរបស់ខ្លួនថានឹងបានកើតកើនចម្រើនផលផ្ដល់នូវស្រូវបរិបូរណ៌សម្រាប់ហូបចុកនិងលក់ដូរ។ អាងត្រពាំងថ្មក៏ជាកន្លែងអភិរក្សសត្វស្លាបយ៉ាងធំមួយនៅក្នុងប្រទេសកម្ពុជាដែរ។ នាពេលសុរិយារៀបលិចឯនាយមាត់ព្រៃ ផ្ទៃមេឃចាប់ផ្ដើមប្រែពណ៌ជាក្រហម។ ទូកតូចមួយបានបណ្ដែតកាយចូលទៅលើផ្ទៃទឹកសន្សឹមៗ។ នៅលើទូកនោះមាននារីម្នាក់កំពុងអង្គុយនៅចុងក្បាលទូកហើយដៃនាងម្ខាងកាន់ច្រវា និង ដៃនាងម្ខាងទៀតដកព្រលឹត លំចង់មកស្រង់ក្លិន។ នាងបន្លឺសំឡេងយ៉ាងល្វើយៗថា ឱគូសង្សារថ្លើមប្រមាត់ កម្មអ្វីមកកាត់ពីឱរា ឲ្យអូនកំព្រាព្រាត់ស្នេហា រស់រងទុក្ខាផ្សាគ្មានស្បើយ។ ដូនសុនដែលកំពុងអង្គុយក្រោមដើមព្រីងធំមួយដើមប្របមាត់អាងជាមួយធីតា បានឮសំឡេងកំណាព្យយ៉ាងកម្សត់។ ដូនសុន ចាប់ផ្ដើមដកដង្ហើមធំ ហើយទឹកភ្នែកជាច្រើនដំណក់បានស្រក់ចុះ។ ធីតាបានហុចកន្សែងតូចមួយឱ្យទៅជីដូនហើយបានបន្លឺសំឡេងថា ” ជិតយប់ហើយលោកយាយតោះយើងទៅផ្ទះវិញ ” ។(នៅមានត)