លិខិតមិត្តអ្នកអាន៖ ហេតុអ្វីបានជាមហាជនថ្កោលទោសចំពោះផែនការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន?

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយនូវផែនការរបស់ក្រុមប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងវាយប្រហារតាមដ្រូនមកលើភូមិគ្រឹះរបស់សម្ដេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល រួចមក យើងសង្កេតឃើញថា មហាជនទូទៅទាំងក្នុងនឹងក្រៅប្រទេស និងបណ្តាអង្គការសង្គមស៊ីវិល បណ្តាគណបក្សនយោបាយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង-ស្ថាប័ននានា បានប្រកាសថ្កោលទោសចំពោះផែនការនៃអំពើភេរវកម្មនេះដែលមានចេតនាបង្កឱ្យមានអសន្តិសុខ អស្ថិរភាព និងចលាចលដល់សន្តិសុខជាតិ។

ក្នុងនាមជាខ្មែរមួយរូប ខ្ញុំសុំថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះផែនការរបស់ក្រុមជ្រុលនិយម ដែលបានរៀបចំគម្រោងទុច្ចរិត អមនុស្សធម៌ ព្រៃផ្សៃ ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបញ្ជាពីចម្ងាយ (Drone) ប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ហើយបើសិនជាផែនការ របស់ពួកប្រឆាំងជ្រុលនិយមបានសម្រេចមែននោះ ពួកគេមិនមែនធ្វើតែលើមុខសញ្ញា សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារប៉ុណ្ណោះទេ ពួកគេអាចនឹងឈានមួយជំហ៊ានទៀត ទៅរកគោលដៅសំខាន់ៗដែលជាថ្នាក់ដឹកនាំជាតិ ហើយផែនការទុច្ចរិតនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ជួបប្រទះភាពវឹកវរអសន្តិសុខសង្គម ដែលអាចឈានទៅដល់ការបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសជាតិថែមទៀតផង។

ជាការពិតប្រជាជនខ្មែរពិតជាមិនចង់ជួបប្រទះសោកនាដកម្មដូចកាលពីអតីតកាលទៀតនោះទេ យើងនៅចងចាំមិនទាន់ភ្លេចទេពី ប្រវត្តិសាស្រ្តរបស់ខ្មែរដែលធ្លាប់ហែលឆ្លងកាត់សង្រ្គាមវិនាសកម្មឆ្អែនឆ្អន់ហើយដែលផ្តើមចេញពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលបានបង្កសង្រ្គាមកាប់សម្លាប់ ការទម្លាក់គ្រាប់បែកយ៉ាងអយុត្តិធម៌ មកលើប្រជាជនកម្ពុជាស្លូតត្រង់ រហូតធ្វើឱ្យកម្ពុជារអិលធ្លាក់ចូលក្នុងរបបបវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបានកាប់សម្លាប់អាយុជីវិតប្រជាជនខ្មែរ ភាពវេទនាខ្លោចផ្សារ ការបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសង្គមជាតិ ស្ទើរដល់ឬសគល់។

ក្នុងនាមជាអ្នកតាមដានស្ថានការណ៍សង្គមមួយរូប ខ្ញុំសង្កេតឃើញថា ក្រុមប្រឆាំងជ្រុលនិយមតែងតែចិញ្ចឹមចិត្តម្ដងហើយម្ដងទៀត ស្វែងរកឱកាសនិងមធ្យោបាយផ្សេងៗដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីតែមហិច្ឆតាដ៏ខ្មៅកខ្វក់ គឺចង់បានអំណាច តាមរយៈការផ្ដួលរំលំដោយមិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ប្រការនេះ ក្រុមប្រឆាំង បាននិងកំពុងដើរផ្ទុយពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលចង់បានសុខសន្តិភាព និងការអភិវឌ្ឍតទៅទៀតដែលផ្តល់ផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជន។

យើងនៅចាំបានថា កន្លងមក ក្រុមប្រឆាំងជ្រុលនិយម ពិសេសគឺអ្នកនយោបាយចាស់វស្សា ក៏តែងតែប្រើប្រាស់សារនយោបាយហិង្សានិយម តាមរយៈការញុះញង់ឱ្យប្រជាពលដ្ឋខ្មែរនិងកងកម្លាំង ប្រដាប់អាវុធបែរកាណុងដាក់រាជរដ្ឋាភិបាល និងបំផុសឱ្យប្រជាជនងើបឡើងបះបោរប្រឆាំងតាមរូបភាពបដិវត្តន៍ពណ៌ក្នុងគោលបំណងមហិច្ឆតាដណ្តើមអំណាចរបស់ខ្លួន ដោយមិនខ្លាចក្នុងការទាញទម្លាក់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមវិនាសកម្មម្តងទៀតឡើយ។

ជាមួយគ្នានេះ ផែនការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក៏អាចជាសេណារីយោមួយរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានជនក្បត់ជាតិនៅពីក្រោយ ដើម្បីចិញ្ចឹមចលនាផ្តួលរំលំ ដែលអំពើនេះត្រូវបានមហាជនមើលឃើញថា គឺជាអំពើដ៏អសីលធម៌ ស្មោគគ្រោកជាទីបំផុត ខុសច្បាប់ទាំងស្រុង និងជានយោបាយជ្រុលនិយមបំផ្លាញប្រទេសជាតិ ហើយទង្វើទាំងនោះមិនអាចចៀសផុតពីសំណាញ់ច្បាប់បានឡើយ ព្រោះផែនការនិងទង្វើទុច្ចរិតអស់ទាំងនោះ តែងតែត្រូវបានវែកមុខ ទប់ស្កាត់ ឬបង្រ្កាបទាន់ពេលវេលាជានិច្ច។

ជារួមការប្រកាសថ្កោលទោសចំពោះផែនការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ បង្ហាញពីការប្រឆាំងដាច់ខាតចំពោះចេតនាទុច្ចរិតទាំងឡាយណាដែលអាច បង្កជាភ្លើងសង្រ្គាមចលាចលតាមរយៈនយោបាយជ្រុលនិយម ហិង្សានិយម ប្រាសចាកពីគន្លងប្រជាធិបតេយ្យ។ មួយវិញទៀត ការថ្កោលទោសទាំងអស់នេះ ក៏ជាសារមួយបង្ហាញថា ប្រជាជនកម្ពុជា ត្រូវការសុខសន្តិភាព និងការអភិវឌ្ឍ និងគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងនាំប្រទេសឱ្យបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ នៅលើមាគ៌ានៃសុខសន្តិភាពដ៏រឹងមាំ និងការអភិវឌ្ឍ ឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពថ្កើងថ្កាន ប្រកបដោយគុណធម៌ និងភាពជឿជាក់ ជាមួយនឹងមនសិការទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ សំដៅបង្កើតឡើងនូវសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យនិងកាន់តែធំធេងជូនជាតិនិងប្រជាជន៕

...

ដោយ៖ មាន មេត្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print