ភ្នំពេញ ៖ ក្រោយការប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ញុះញង់ប្រាប់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជាប្រហែល ៥០០ម៉ែត្រ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ភ្លាមៗនោះបានប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់ រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត បំផ្លើស និងមានចេតនាទុច្ចរិតក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ។
ក្រោយការបង្គាប់របស់តុលាការឲ្យ រ៉ុង ឈុន សងជម្ងឺចិត្តទៅគណៈកម្មាធិការកិច្ចការព្រំដែន ក្រុមប្រឆាំងជ្រុលនិយមឯណោះវិញ បានអំពាវនាវឲ្យមានការចូលរួមបរិច្ចាគថវិកាជួយដល់ រ៉ុង ឈុន ដោយសារអំពាវនាវខ្លះមានភ្ជាប់នឹងរូបថតនៃការបរិច្ចាគចាប់ពី ១ដុល្លារ ដល់ ១០០ដុល្លារ និងខ្លះដល់ចំនួន ១.០០០ដុល្លារ។ ការរៃអង្គាសប្រមូលថវិកាជួយដល់ រ៉ុង ឈុន មិនខុសពីការលើកទឹកចិត្តដល់បុគ្គលប្រព្រឹត្តអំពើល្មើសច្បាប់រូបនេះប៉ុណ្ណោះទេ ថែមទាំងជាការចូលដៃជើងជាមួយ រ៉ុង ឈុន ទៀតផង។ អាចនិយាយបានថា ការបរិច្ចាគថវិកាជួយដល់ រ៉ុង ឈុន ជាការចូលរួមចំណែកញុះញង់ពីបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ជាអំពើល្មើសច្បាប់ ដែលអាចនាំទៅរកចលាចល និងសង្គ្រាមជាមួយប្រទេសជិតខាង។
ម្យ៉ាងវិញទៀត ការរៃអង្គាសប្រមូលថវិកាជួយដល់ រ៉ុង ឈុន គ្រាន់តែជាល្បិចរបស់ជនឆ្លៀតឱកាសមួយចំនួនដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែង ក្រុមប្រឆាំងតែងកេងចំណេញពីព្រឹត្តិការណ៍នានាដោយរៃអង្គាសថវិកាដើម្បីធ្វើមានបានផ្ទាល់ខ្លួន។ ឧទាហរណ៍ ការរៃអង្គាសប្រមូលថវិកាចូលមូលនិធិទូរទស្សន៍ព្រះអាទិត្យ, ការទិញបណ្ណនាឡិកាដៃរបស់ សម រង្ស៊ី ជួយដល់អ្នករងគ្រោះអំឡុងការរាតត្បាតជំងឺកូវីដ១៩ ជាដើម គឺគេមិនដឹងថា លុយដែលប្រមូលបាននោះយកទៅណាអស់ទេ ចំណែកអ្នករងគ្រោះដោយសារជំងឺកូវីដ១៩ ក៏មិនទទួលបានអង្គរសូម្បីមួយកំប៉ុង ឬលុយសូម្បីមួយរៀលខ្មែរពីក្រុមប្រឆាំងដែរ។ ការកេងចំណេញពីព្រឹត្តិការណ៍របស់ក្រុមប្រឆាំង គឺជារឿងដដែលៗដើម្បីបោកយកលុយពីសកម្មជន និងអ្នកគាំទ្រ ដាក់ហោប៉ៅផ្ទាល់ខ្លួន។
លោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើស គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ការរារាំង ឬទាមទារឲ្យលោក រ៉ុង ឈុន រួចទោសគឺជារឿងដែលមិនអាចទៅរួច ប៉ុន្តែវាជាការរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ។ ដូចគ្នានេះដែរ ការរៃអង្គាសលុតជួយដល់ រ៉ុង ឈុន នេះ ប្រាកដជាមិនបានទៅដល់ដៃលោក រ៉ុង ឈុន ឡើយ ហើយថវិកាមួយចំនួនធំនឹងបានទៅជនឆ្លៀតឱកាសនិយម ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយ។
ជារួម លោក រ៉ុង ឈុន មានបញ្ហាផ្លូវច្បាប់ក៏ដោយសារខ្លួនឯងជាអ្នកប្រព្រឹត្ត បុគ្គលនេះមិនមែនជាអ្នកជំនាញខាងព្រំដែន ហើយក៏ដែលមិនស្គាល់បង្គោលព្រំដែនផងនោះ បែរជាទៅចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ អំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលការលើកឡើងនេះគ្មានមូលដ្ឋាន និងភស្តុតាងទាល់តែសោះ។ ដូច្នេះចំណាត់ការផ្លូវច្បាប់ទៅលើលោក រ៉ុង ឈុន គឺជារឿងត្រឹមត្រូវ ហើយបុគ្គលនេះ ត្រូវទទួលខុសនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ដូចធម៌ព្រះថា “កម្មផល អ្នកណាសាង អ្នកនោះទទួល”។ ជាមួយគ្នានេះ សង្ឃឹមថាអ្នកងប់ងុល និងធ្លាប់តែគាំទ្រក្រុមប្រឆាំងជ្រុលនិយម គួរតែគិតពិចារណាឡើងវិញ មុននឹងសម្រេចចិត្តបរិច្ឆាគលុយកាក់ដែលខំប្រឹងប្រែងរកដោយកម្លាំងញើសឈាម បែរជាត្រូវយកទៅឱ្យគេចាយស្រួលៗ ហើយចាញ់បោកពួកនោះម្តងហើយម្តងទៀតទៅវិញ គឺពិតជាគួរឱ្យស្តាយណាស់៕
ដោយ ៖ សុខ សុវណ្ណ