សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនក្មេងទំនើងចំនួន ២ក្រុម ពាក់ព័ន្ធនឹង្ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត,ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៧០ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ទាក់ទិននឹងបទល្មើសកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ធ្វើឲ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បង្កឡើងដោយ ក្រុមក្មេងទំនើង០២ក្រុម មានជនត្រូវចោទមានខ្លួន៖

១. ឈ្មោះ ឡី ចាន់ណា ភេទប្រុស អាយុ១៥ឆ្នាំ

២. ឈ្មោះ ថៃ វតនា ភេទប្រុស អាយុ១៦ឆ្នាំ

ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

៣. ឈ្មោះ ឌុយ ថុនា ហៅ ថុក ភេទប្រុស អាយុ១៥ឆ្នាំ

៤. ឈ្មោះ ឈុន លឹមគឹមឆាំង ភេទប្រុស អាយុ១៩ឆ្នាំ និងបក្ខពួក​ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីអំឡុងថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

៥. ឈ្មោះ ហ៊ាង វិបុល ភេទប្រុស អាយុ១៧ឆ្នាំ

៦. ឈ្មោះ ឈៀង ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ និងបក្ខពួក

ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៤១១ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ។

៧. ឈ្មោះ ភិន តុលា ហៅ អាតុ ភេទប្រុស អាយុ១៥ឆ្នាំ

ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤១១ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ​ និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុម ក្មេងទំនើង០២ក្រុម ដោយក្រុមទី១ ឈ្មោះ ឈុន លឹមគឹមធ័ង, ឈ្មោះ ឌុយ ថុនា ហៅ ថុក, ឈ្មោះ ថៃ វតនា, ឈ្មោះ ឡី ចាន់ណា និងបក្ខពួក ប្រដាប់ដោយកាំបិតផ្គាក់០១ដើម និងកាំបិតប៉័ងតោ ចំនួន០២ដើម ក្នុងគោល បំណងយកទៅដេញកាប់លើបក្ខពួកក្រុមទី២ ឈ្មោះ ហ៊ាង វិបុល, ឈ្មោះ ឈៀង ឆៃ, ឈ្មោះ ភិន តុលា ហៅ អាតុ និងបក្ខពួក ដោយសារតែក្រុមទី២ បានជិះម៉ូតូឆាបដៃរបស់បក្ខពួកខ្លួន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែ ដេញកាប់មិនបាន ព្រោះបក្ខពួករបស់ក្រុមទី២ដឹងខ្លួនមុន រត់គេចខ្លួនទាន់។ នៅថ្ងៃទី០៦ ខែឆ្នាំដដែល ក្រុមទី២ បានបបួលគ្នាទៅសងសឹកជាមួយក្រុមទី១វិញ ដោយជិះម៉ូតូចំនួន០២គ្រឿង ប្រដាប់ដោយដាវកែច្នៃចំនួន ០២ដើម និងកាំបិតផ្គាក់០១ដើម ស្របពេលនោះដែរ ក្រុមទី១ក៏បានបបួលគ្នាទៅរកសងសឹកជាមួយក្រុមទី២ វិញដូចគ្នា ដោយយកកាំបិតប៉័ងតោ០១ដើម និងមួកសុវត្ថិភាព ទុកសម្រាប់វាយជាមួយក្រុមទី២។ ខណៈពេល ដែលក្រុមទាំងពីរបានជិះម៉ូតូជួបគ្នានៅតាមផ្លូវ ក្រុមទី២ក៍បានជិះម៉ូតូដេញវាយទៅលើក្រុមទី១ ហើយក្រុមទី១ នាំគ្នារត់ទុកម៉ូតូរបស់ពួកគេចោល ពេលនោះក្រុមទី២បានកាប់បំផ្លាញទៅលើម៉ូតូ០១គ្រឿងរបស់ក្រុមទី១ បណ្តាលឱ្យខូចខាត ហើយក្រុមក្មេងទំនើងទាំងអស់ក៏បានបំបែកផ្លូវគ្នារៀងៗខ្លួន។ ក្រោយមកនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ ថៃ វតនា និងឈ្មោះ ឡី ចាន់ណា ជិះម៉ូតូដឹកមិត្តភក្តិរបស់ខ្លួនមកធ្វើការនៅក្រុង ព្រះសីហនុ ស្របពេលសមត្ថកិច្ចដែលកំពុងដាក់គោលដៅត្រួតពិនិត្យ និងឆែកឆេរ ក៏បានរកឃើញមានកាំបិត ផ្កាក់០១ដើម ដែលឈ្មោះ ថៃ វតនា លាក់ទុកក្នុងអាវ ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន នឹងបន្តឃាត់ខ្លួនបាន ជនសង្ស័យផ្សេងទៀត។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើរួចមក ក៏បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុ ញៀន ជាលទ្ធផលជនសង្ស័យ ឈ្មោះ ភិន តុលា មានសារធាតុញៀន។

បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនលើជនត្រូវចោទ ទាំង០៧នាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ដោយឡែកចំពោះជនត្រូវចោទផ្សេងទៀតដែលបាន គេចខ្លួន ចៅក្រមស៊ើបសួរ នឹងមានចំណាត់ការតាមនីតិវិធី។

...

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print