អារ៉ាប៊ីសាអ៊ូឌីតកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដោយបណ្តាប្រទេសអារ៉ាប់ដើម្បីបង្កើតផែនការសម្រាប់អនាគតនៃតំបន់ កាហ្សាស្ទ្រីប ដើម្បីទប់ស្កាត់គំនិតរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាន់កាប់ទឹកដីនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា គំនិតទាំងនេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុង រីយ៉ាដ ក្នុងខែនេះ ដោយមានការចូលរួមពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប់រួម។
ប្រភពបាននិយាយថា សំណើដែលកំពុងពិភាក្សាអាចពាក់ព័ន្ធនឹងមូលនិធិកសាងឡើងវិញដែលដឹកនាំដោយប្រទេសឈូងសមុទ្រ និងកិច្ចព្រមព្រៀងដើម្បីលុបបំបាត់តួនាទីរបស់ក្រុមហាម៉ាស។
អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន មានការភ្ញាក់ផ្អើល បន្ទាប់ពីលោក Trump បានលើកផែនការផ្លាស់ប្តូរទីតាំងប្រជាជនប៉ាឡេស្ទីនទាំងអស់នៅតំបន់ Gaza Strip ទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប បើទោះបីជាទីក្រុង Cairo និង Amman បដិសេធក៏ដោយ។
ប្រភពបាននិយាយថា អារ៉ាប៊ីសាអូឌីតមានការខកចិត្តយ៉ាងខ្លាំងចំពោះផែនការដែលបានដាក់ចេញដោយមេដឹកនាំអាមេរិក ដោយជឿថាទីក្រុងវ៉ាស៊ីនតោនមិនចាប់អារម្មណ៍នឹងលក្ខខណ្ឌដែលកំណត់ដោយព្រះរាជាណាចក្រដើម្បីធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលនោះទេ។
ប្រសិនបើអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បង្កើតទំនាក់ទំនងការទូត ទីក្រុងរីយ៉ាដ និងក្រុងវ៉ាស៊ីនតោន នឹងឆ្ពោះទៅរកកិច្ចព្រមព្រៀងយោធាដ៏មានមហិច្ឆតា ដែលនឹងជួយព្រះរាជាណាចក្រពង្រឹងសមត្ថភាពការពាររបស់ខ្លួន។
សំណើរបស់ប្រទេសអេហ្ស៊ីប រួមមានការបង្កើតគណៈកម្មាធិការជាតិប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ដោយគ្មានការចូលរួមពីក្រុមហាម៉ាស។ ប្រភពបីរបស់អេហ្ស៊ីបបាននិយាយថា ដើម្បីចូលរួមសហគមន៍អន្តរជាតិក្នុងការកសាងឡើងវិញនូវទឹកដីដោយមិនផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនទៅក្រៅប្រទេស និងឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ៕
រូបថត: Reuters