ខេត្តកណ្ដាល ៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរក្រុងតាខ្មៅ ក្នុងឱកាសទិវាសេចក្តីស្រឡាញ់ ១៤កុម្ភៈ និងស្នាមញញឹមជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា និងបានផ្ដល់នំភីហ្សា( pizza)ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃ សេចក្តីស្រឡាញ់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នមក្នុងការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្ដល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឲ្យឃើញថាទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបក៏ដោយសង្គមនេះមានការគោរពស្រឡាញ់និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែលភ្លេចទេ និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រែងរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ។
ជាមួយគ្នានេះដែរ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដល់ជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា ដូចជា៖ នំភីហ្សា ភ្លៅមាន់បំពង ទឹកសុទ្ធ ១៥កេស ទឹកដោះគោកូនក្មេង ១០កេស ឧបត្ថម្ភថវិកាជូនទៅដល់អង្គការ ១០លានរៀល និងអ្នកគ្រូ-លោកគ្រូចំនួន ៤៥នាក់ក្នុងមួយនាក់ ២០ម៉ឺនរៀល និងកុមារចំនួន១៤៣អ្នកក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀល៕
ដោយ ៖ សិលា