* ចម្ងល់ចៅស្រី=
ក្រោយពីងូតទឹកហូបអាហារពេលល្ងាចជាមួយជាដូនរួចរាល់ ធីតាបានរៀននឹងធ្វើលំហាត់ដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ក្រោមពន្លឺចង្កៀងភ្លើងអគ្គិសនីយ៉ាងភ្លឺត្រចះត្រចង់។ ដូនសុន អង្គុយមើលទូរទស្សន៍កម្មវិធីព្រះពុទ្ធសាសនានិងសង្គមខ្មែរយ៉ាងយកចិត្តទុកដាក់។ ក្រោយពេលរៀននិងបានធ្វើលំហាត់រយៈពេល ២ ម៉ោងរួចមក។ ធីតា បានដើរលបៗមកក្បែរជីដូន ហើយបានគក់ច្របាច់ជូនជីដូនថ្នមៗ ។ ធីតាចាប់ផ្ដើមសួរជីដូនទាក់ទងនឹងអាងត្រពាំងថ្មដែលនាងនឹងជីដូនទើបទៅអង្គុយលេងពីល្ងាច។
ធីតា: លោកយាយ តើអាងត្រពាំងថ្មកសាងឡើងនៅពេលណាដែរ?
ដូនសុន: គេជីកនៅសម័យកម្ពុជាប្រជាធិបតេយ្យគឺពួកក្រុមយាយនិងយុវជនជាច្រើននាក់ទៀតបានជីកអាងនេះឡើង។
ធីតា: ខ្ញុំបានឃើញលោកយាយហូរទឹកភ្នែកកាលពីល្ងាចមិញនេះនៅអាងត្រពាំងថ្ម តើលោកយាយមានរឿងអ្វីលាក់បាំងក្នុងចិត្តឬ?
ដូនសុន: យាយស្រណោះរឿងអតីតកាលពីព្រោះយាយមានអនុស្សាវរីយ៍ជាច្រើននៅអាងនេះ។យាយតែងហៅអាងនេះថា អាងអូន ដូនអាល័យ ដើម្បីរំលឹកដល់ស្នេហារបស់យាយនិងតារបស់ចៅឯង។
ធីតា: លោកយាយជួយប្រាប់ចៅផងមកឲ្យចៅបានអស់ឆ្ងល់ និងបានដឹងអំពីព្រឹត្តិការណ៍នានាក្នុងសម័យប៉ុលពតនោះផងពីព្រោះចៅក៏បានសិក្សាមេរៀនប្រវត្តិវិទ្យា ថ្នាក់ទី ៩ អំពីសម័យកាលហ្នឹងដែរ។
ដូនសុន បានចាប់ផ្ដើមនិយាយរឿងរ៉ាវដែលគាត់បានដឹងពីរបបខ្មែរក្រហមប្រាប់ដល់ចៅ។
* គុកឥតជញ្ជាំងរកនាងស្នេហ៍ឫស្យា
ថ្ងៃទី ១៧ មេសា ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ។ ពួកប៉ុលពតបានដឹកនាំប្រទេសជាតិ ដាក់ឈ្មោះរបបនេះថា(កម្ពុជាប្រជាធិបតេយ្យ)។ ពួក ប៉ុលពតបានផ្ដាច់មនោសញ្ជេតនា រវាងប្ដី ប្រពន្ធ ជីដូន ជីតាឪពុកម្ដាយបងប្អូន និងក្រុមគ្រួសារ។ ប្រជាជនគ្រប់គ្នាព្រាត់ប្រាស់គ្រួសារ លះបង់ប្ដីប្រពន្ធកូនចៅហើយប្រជាជនពេញកម្លាំងត្រូវចូលបម្រើកងទ័ពទៅសមរភូមិដើម្បីការពារប្រទេសជាតិ។ខ្មែរក្រហមបានបែងចែកទឹកដីប្រទេសកម្ពុជា ជាភូមិភាគជាតំបន់និងជាសមូហភាពមូលដ្ឋាន។(ឃុំនិងភូមិ)។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការលើសលប់ហើយឲ្យហូបតែបបររាវលាយត្រកួនព្រលិត។ យើងគ្មានសំលៀកបំពាក់ស្អាតបានឡើយគឺមានតែសំពត់ឬខោអាវពណ៌ខ្មៅគ្មានជម្រក គ្មានថ្នាំសង្កូវ សម្រាប់ព្យាបាលជំងឺទេ។ ប្រជាជនត្រូវរស់នៅរួមគ្នា ហូបរួម និងធ្វើការរួម។ ខ្មែរក្រហមកម្ទេចវត្តអារាមផ្សឹកព្រះសង្ឃ បិទសាលារៀនហើយមន្ត្រីរាជការក្នុងរបបចាស់និងប្រជាជនស្លូតត្រង់ជាង បីលាននាក់បានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ និយាយដល់ត្រឹមនេះ ទឹកភ្នែកដូនសុនកាន់តែហូរស្រក់មកខ្លាំងឡើងៗ។
ឃើញដូច្នោះហើយ ធីតា បានសួរដូនសុនបន្តទៀតថា ចុះលោកយាយនិងលោកតាបានជួបគ្នាដោយរបៀបណាវិញ ? ដូនសុនជូតទឹកភ្នែក ហើយដកដង្ហើមយ៉ាងវែងរួចឆ្លើយតបទៅចៅស្រីរបស់គាត់ថា សេចក្តីស្នេហារបស់យាយនិងតាកាន់តែកម្សត់ជាងនេះទៅទៀត។ ដូនសុន បានក្រេបទឹកតែដើម្បីផ្សើមបំពង់ករបស់គាត់បន្តិច រួចហើយគាត់បាននិយាយបន្តទាំងទឹកមុខអស់សង្ឃឹមញញឹមលាយឡំទឹកភ្នែកហូររលីងរលោង។
* ដង្ហើមស្នេហ៍ក្បែរកម្លាំងត្បូងចប
កាលយាយអាយុ ១៨ ឆ្នាំ យើងមានទំនាក់ទំនងស្នេហាជាមួយកម្លោះម្នាក់ក្នុងភូមិយើង។ គាត់មានឈ្មោះថា ធាន ។ កាលនោះនៅឆ្នាំ ១៩៧៥។
ដូនសុន បានចាប់ផ្ដើមមករំលឹករឿងកាលកន្លងជាច្រើនឆ្នាំប្រាប់ធីតាចៅស្រីរបស់គាត់។
ធាន: សុន បងពិតជាស្រឡាញ់អូនខ្លាំងណាស់ បងនឹងរៀបការជាមួយអូន និងធ្វើជាប្ដីល្អដល់អូននិងកូនៗរបស់យើង។
សុន: អូនអរគុណខ្លាំងណាស់បងធាន ប៉ុន្តែប្រទេសយើងប្រែប្រួលបានផ្លាស់ប្ដូររបបគ្រប់គ្រង អូនបារម្ភពីវាសនាស្នេហាយើងខ្លាំងណាស់។ បងត្រូវគេជម្លៀសចេញទៅមូលដ្ឋានការងារកសិកម្មនៅភូមិភាគឆ្ងាយពីអូន។ អូនមិនដឹងថា សុខទុក្ខបងដូចម្ដេច។ បងសម្លាញ់…អូនភ័យណាស់ ភ័យខ្លាចនារីមូលដ្ឋានដទៃដណ្ដើមបងពីទ្រូងអូន។
ធាន: អូនកុំបារម្ភអី បងនៅតែជាបង បងស្រឡាញ់អូនលុះថ្ងៃមរណា។ និយាយដល់ត្រឹមនេះធាន បានលូកដៃឱបក្រសោបចង្កេះសុនថ្នមដើម្បីផ្ដល់ភាពកក់ក្តៅ និងភាពជឿជាក់នៃសេចក្តីស្រឡាញ់។ មួយសន្ទុះក្រោយមកការសន្ទនារវាងធាន និងសុនត្រូវបានបញ្ចប់។ អ្នកទាំងពីរបានត្រឡប់ទៅផ្ទះរៀងៗខ្លួនសម្រាប់ថ្ងៃស្អែកចេញទៅការដ្ឋានជីកអាងរៀងៗខ្លួន។
នាងសុន និងមិត្តភក្តិក្នុងភូមិរបស់នាងពីរនាក់ទៀត គឺនាងចំប៉ីនិងនាងណាំ ព្រមទាំងយុវជនជាច្រើនទៀតមកពីចម្រុះតំបន់គ្នាត្រូវបានអង្គការកេណ្ឌឲ្យជីកអាងត្រពាំងថ្ម។ ប្រជាជនម្នាក់ៗត្រូវខិតខំប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់ ឥតហ៊ានឈប់សម្រាកទេ ពីព្រោះក្រសែភ្នែករបស់អង្គការកំពុងតែឃ្លាំចាំមើលដូចភ្នែកម្នាស់។ នាងវតី ជាជនចំណូលថ្មីដែលបានជម្លៀសមកពីភ្នំពេញ ប្រឹងធ្វើការទាំងឈឺគ្រុនរងា រហូតដល់ងងឹតមុខដេកដួលស្លាប់ក្នុងការដ្ឋានយ៉ាងខ្លោចផ្សាបំផុត។ នាងសុន និងមិត្តភក្កិបានត្រឹមតែលួចសម្រក់ទឹកភ្នែកអាណិតនាងវតីតែប៉ុណ្ណោះ។
ថ្ងៃមួយនាងសុនជីកដីប៉ះរន្ធពស់វែក។ ពស់វែកបានដេញចឹកនាង។ នាងភ័យខ្លាំងណាស់ នាងរត់បណ្ដើរស្រែកឲ្យគេជួយបណ្ដើរ។
ង៉េវ: មិត្តសុន រត់ឡើងមកខាងនេះ។ ង៉ែវបានហុចដៃឲ្យនាងសុនតោងចាប់លើកឡើងរណ្ដៅអាង រួចផុតពីពស់កំណាចនោះទៅ។ នាងសុន បានសម្លឹងមើលង៉ែវតាំងពីក្បាលដល់ចុងជើង ដោយក្រសែរភ្នែករើសអើង ហើយដើរចេញបាត់ទៅ សូម្បីពាក្យអរគុណចំពោះង៉ែវមួយម៉ាត់ក៏គ្មានដែរ។( នៅមានត។)
