ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចអភិបាលរងចំនួន៣រូប នៃក្រុងព្រះសីហនុ, ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងក្រុងកំពង់សោម។
ក្នុងប្រកាសដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានតែងតាំងមន្ដ្រីរាជការ ចំនួន៣រូបទៀត ឲ្យកាន់តំណែងជាអភិបាលរងក្រុងកំពង់សោមផងដែរ។
សូមបញ្ជាក់ថា ៖ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាង លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមប្រឹក្សាឃុំ សង្កាត់។
លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អបអរសាទរចំពោះលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឡើងវិញជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោមអាណត្តិទី១ ដើម្បីបន្តដឹកនាំរដ្ឋបាលក្រុងថ្មីនេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតក្នុងការអនុវត្តការងារបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ផ្អែកតាមមតិបេ្តជ្ញាចិត្តរបស់លោក សំរិត សុផាត បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី១ គណៈអភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងកំពង់សោម នឹងរួមសាមគ្គីគ្នាផ្ទៃក្នុងដោយសហការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការជួយសង្គ្រោះជំងឺឆ្លងរាតត្បាតផ្សេងៗ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ហើយសមិទ្ធផល និងស្នាដៃដែលសង្កាត់ទាំង៥ នៃរដ្ឋបាលក្រុងកំពង់សោម សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ចំនួន៥ ក្នុងនោះ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយកត្តាធនធានមនុស្សជាចំណុចសំខាន់ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
លោក ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ការងារបន្ទាន់ដែលចាំបាច់ពីការចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់សោម ផ្អែកតាមបទប្បញ្ញត្ដិមាត្រា៧០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ របស់ខ្លួនមិនឱ្យហួសពី ១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ ក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន មិនឱ្យមុន ២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ឡើយ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឱ្យបាននូវឯកសារដូចខាងក្រោម៖
– កំណត់ហេតុកិច្ចប្រជុំលើកទី១
– ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
– ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល ១២ខែ ចាប់រាប់ពីកិច្ចប្រជុំលើកទី២របស់ខ្លួន។
លោក ប្រធានក្រុមប្រឹក្សាខេត្ត សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ នៃក្រុងកំពង់សោម នឹងខិតខំរួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងអាណត្តិទី១នេះ។
សូមរម្លឹកថា ខេត្តព្រះសីហនុ មានក្រុងចំនួន៣ និងស្រុកចំនួន៣ ក្នុងនោះ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ៕
ដោយ ៖ សិលា