ខេត្តកំពង់ធំ៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុកស្ទោង និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូជីម៉ាស់ ដែលមានទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រពីទីរួមខេត្ត និងមានប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា។
សូមជម្រាបថា ការងារសំខាន់ៗដែលត្រូវអនុវត្តមានដូចជា៖ ទី១)ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៦៩២០ម៉ែត្រ ទី២)ជួសជុលសំណង់ទ្វារទឹកលូមូល(ទ្វារ២សន្លឹក) ចំនួន ៤កន្លែង ទី៣)ជួសជុលសំណង់ស្ពាន ចំនួន ១កន្លែង ទី៤)សំណង់លូចម្លងលូជ្រុង(១ជួរ) ចំនួន ២កន្លែង ទី៥)សំណង់ស្ទាក់ទឹក (ទ្វារ ២សន្លឹក) ចំនួន ២កន្លែង ទី៦)សំណង់ចែកទឹកលូមូល(ទ្វារ ១សន្លឹក) ចំនួន ១កន្លែង ទី៧)សំណង់បង្ហៀរប្រវែង ២០ម៉ែត្រ ចំនួន ២កន្លែង និងទី៨)សំណង់ការពារជើងទេរប្រវែង ៤០ម៉ែត្រ ចំនួន ២កន្លែង។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ១៥%។
រដ្ឋលេខាធិការប្រចាំការរូបនេះ បានមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តនេះបម្រើឱ្យប្រជាពលរដ្ឋប្រមាណ ១៥២៨ គ្រួសារ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងកាបញ្ចៀសទឹកជំនន់ពីទីរួមស្រុកស្ទោង និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលបានពីរទៅបីដងក្នុងមួយឆ្នាំ ក្នុងនោះផ្ទៃដីស្រូវវស្សាប្រមាណ ១០៥០ហិកតា ស្រូវប្រាំង ៨៤២ហិកតា និងដំណាំរួមផ្សំដទៃទៀត ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
ក្នុងថ្ងៃដដែល លោករដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ដែលមានទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីរួមខេត្ត ហើយមានប្រភពទឹកពីអូរគោលង់ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់នោះ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ១០%។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ បម្រើឱ្យប្រជាពលរដ្ឋប្រមាណ ២៨៧គ្រួសារ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលបានពីរទៅបីដងក្នុងមួយឆ្នាំលើផ្ទៃដីស្រូវវស្សាប្រមាណ ១៥០០ហិកតា ស្រូវប្រាំង ៨៨៥ហិកតា និងដំណាំរួមផ្សំដទៃទៀត។ ការងារសំខាន់ៗដែលត្រូវអនុវត្តមានដូចជា៖ ទី១)ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៤៣០០ម៉ែត្រ ទី២)សំណង់ស្ទាក់ទឹក(ទ្វារ ២សន្លឹក) ចំនួន ២កន្លែង ទី៣)សំណង់ចែកទឹកលូមូល(ទ្វារ ១សន្លឹក) ចំនួន ១កន្លែង និងទី៤)សំណង់លូចម្លងលូជ្រុង(១ជួរ) ចំនួន ២កន្លែង៕
ដោយ៖តារា