ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម ដែលរៀបចំឡើងនៅសាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់។
កម្មវិធីបរិច្ចាគឈាមនេះ គឺជាការរៀបចំឡើងដោយ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងបង្កើតទម្លាប់នៃវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបា ជាពិសេសផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
គួរបញ្ជាក់ថា ក្រៅពីកម្មវិធីបរិច្ចាគឈាម នាល្ងាចនេះក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ទាត់ក្រោមប្រធានបទ៖ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានកិត្តិយស នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់)៕
ដោយ ៖ សិលា