ភ្នំពេញ ៖ បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស ដូច្នេះ ចាំបាច់ត្រូវតែមានធនធានមនុស្ស បើមិនដូច្នេះទេ យើងគ្មានធនធានមនុស្ស ប្រើប្រាស់បច្ចេកវិទ្យានោះទេ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ម្សិលមុិញ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសយើងត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា បើមិនដូច្នេះទេ ប្រទេសអាចនឹងក្លាយជារបស់ហួសសុពលភាព ឬហួសដឺឡេជាមិនខាន ។
សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងពីក្រុមហ៊ុន កុំព្យូទ័រមួយ មានឈ្មោះថា IBM មានភាពល្បីល្បាយ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននេះ បានបាត់ឈ្មោះហើយ តែទៅបង្កើតឈ្មោះ ដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីចឹង ។
សម្ដេចបវរធិបតី បានបន្ដថា បច្ចេកវិទ្យា មានភាពជឿនលឿនឆាប់រហ័ស ដូច្នេះ យើងចាំបាច់ ត្រូវតែមានមនុស្សមានការអភិវឌ្ឍ បើមិនដូច្នេះទេ យើងគ្មានធនធានមនុស្ស ប្រើប្រាស់បច្ចេកវិទ្យានោះទេ ។
ជាមួយគ្នានោះ សម្តេច ក៏បានលើកឡើងពីការបំពាក់ បច្ចេកវិទ្យា នៅតាមមន្ទីរពទ្យបង្អែកខេត្ត ដែលការដាក់នេះ ចាំបាច់ ត្រូវមានអ្នកជំនាញ ក្នុងការគ្រប់គ្រងផងដែរ ៕
ដោយ ៖ សិលា