សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ជាអធិបតី​ភាព​ពិធី​បើកសប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤ – ២០៣៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធីបើកសប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤ – ២០៣៥ ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី​ ថ្លែងថា​ គិតចាប់តាំងពីឆ្នាំ ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និង ការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់ ដែលទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

-សម្ដេចធិបតី ថ្លែងថា​ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក, ទាំងការរីករាលដាលនៃជំងឺកូវីដ-១៩, សម្ពាធអតិផរណា និង គ្រោះទឹកជំនន់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាល ក៏បានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈអន្តរាគមន៍ជំនួយសង្គមពិសេស ដល់គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យដោយបានចំណាយថវិការដ្ឋបន្ថែមសរុបចំនួន ៥, ៧ ទ្រីលានរៀល, សមមូលប្រមាណ ១ ៤២២ លានដុល្លារអាម៉េរិក, ដើម្បីជួយរក្សាលំនឹងជីវភាព, កាត់បន្ថយកម្មវិបាកអវិជ្ជមាន និង ស្តារជីវភាពរបស់ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

-សម្ដេចធិបតី​ ថ្លែងថា​ ចាប់តាំងពីការចាប់ផ្តើមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦- ២០២៥, ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពលើសមុន ជាង ២ ដង ខណៈការគ្របដណ្តប់ប្រជាពលរដ្ឋ បានកើនពីចំនួន ៣,៣ លាននាក់ កាលពីឆ្នាំ ២០១៧ ដល់ជាង ៧,៥ លាននាក់ ក្នុងឆ្នាំ ២០២៤។

-សម្ដេចធិបតី ថ្លែងថា​ គិតចាប់តាំងពីឆ្នាំ ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និង ការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់ ដែលទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា ទ្រព្យដ៏សំខាន់បំផុតរបស់ជាតិយើង គឺជាប្រជាពលរដ្ឋ ដូច្នេះគោលបំណងចម្បងរបស់រាជរដ្ឋាភិបាលដាក់ចេញនូវប្រព័ន្ធគាំពារសង្គម គឺដើម្បីលើកកម្ពស់មូលធនមនុស្សរបស់កម្ពុជាឱ្យបានរឹងមាំ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ជាថ្មី សម្ដេចប្ដេជ្ញាកំណត់យកការលើកស្ទួយ ការអភិវឌ្ឍមូលធនមនុស្ស និងកាត់បន្ថយភាពក្រីក្រ និងប្ដូរផ្ដាច់ដឹកនាំកម្មវិធីគាំពារសង្គមកម្ពុជាឆ្ពោះទៅកាន់គោលដៅរបស់កម្ពុជាឆ្នាំ២០៥០។

-សម្ដេចធិបតី​ ថ្លែងថា​ តម្លៃនៃកម្មវិធីគាំពារសង្គម គឺមិនមែនជាទិន្នន័យនោះទេ ប៉ុន្ដែគឺប្រជាពលរដ្ឋដែលជាអ្នកទទួលផល ដូច្នេះការគិតគូរអំពីគុណភាពការ ផ្ដល់សេវាចំពោះប្រជាពលរដ្ឋគឺជាការចាំបាច់បំផុត។

-សម្តេចធិបតី ថ្លែង​ក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាព្យាបាលជូន ដល់បងប្អូន ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជាពិសេសពលរដ្ឋណាដែល មានបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស)។

-សម្ដេចធិបតី​ ថ្លែង​អំពាវនាវដល់តួអង្គផ្ដល់សេវាគាំពារសង្គមទាំងអស់ ទាំងរដ្ឋ និងឯកជនត្រូវអនុវត្តការផ្ដល់សេវាដល់ប្រជាពលរដ្ឋឱ្យមានតម្លាភាព ត្រឹមត្រូវចំពោះប្រជាពលរដ្ឋទាំងអស់។ ហើយបើសិនជាមូលដ្ឋានមួយណាមិនអនុវត្តបានត្រឹមត្រូវ គឺត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត។

-សម្ដេចធិបតី​ ថ្លែងថា​ ថវិកាជាតិប៉ោងឡើង គឺរដ្ឋចំណាយទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការដែលមានការកើនឡើង មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងនោះទេ។ ប៉ុន្ដែរដ្ឋមិនអស់លុយទេ គឺរដ្ឋមានថវិកាសម្រាប់ដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ អតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គមដល់ពលរដ្ឋទៅមុខទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ ការគ្រប់គ្រងថវិកាជាតិ គឺរាជរដ្ឋាភិបាលអនុវត្តបានច្បាស់លាស់ និងធានានូវចីរភាព លើការដោះស្រាយចរន្ត និងវិនិយោគ ជាពិសេសការគាំពារដល់ប្រជាពលរដ្ឋ និងពង្រីកគោលដៅចំពោះប្រជាពលរដ្ឋគោលដៅដែលត្រូវគាំពារបន្ថែមទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ ថវិកាសម្រាប់ជួយប្រជាពលរដ្ឋ លើគោលនយោបាយគាំពារសង្គម គឺមិនមានការកាត់បន្ថយនោះទេ។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋ បន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្ដិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅគោលដៅកម្ពុជាឆ្នាំ ២០៥០ និងបន្តគាំពារដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានមានប្រសាសន៍ថា​ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដំណាក់កាលថ្មីនេះ បានផ្លាស់ប្តូរអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ពីប្រព័ន្ធដែលគាំពារតាមបែបសសរស្តម្ភ មកជាប្រព័ន្ធដែលគាំពារតាមហានិភ័យនៃវដ្តជីវិត (Life-cycle risk approach), ពោលគឺ ផ្តល់ការគាំពារជូនពលរដ្ឋ ចាប់តាំងពីពេលចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់គាត់ ។

– លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ថ្លែងថា​ រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើត និង ដាក់ឲ្យដំណើរការប្រព័ន្ធគាំពារសង្គមឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព និង សម្រួលដល់ប្រតិបត្តិការកម្មវិធី និង របបនានា ក្នុងប្រព័ន្ធគាំពារសង្គម ក៏ដូចជា រៀបចំ និង អនុវត្តយន្តការតាមដាន និង វាយតម្លៃ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត និង ធ្វើការកែសម្រួលឲ្យបានទាន់ពេល, ដែលកិច្ចការនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ចាត់ទុកជាការងារដ៏សំខាន់ ក្នុងការវាស់វែងប្រសិទ្ធភាព និង លទ្ធផល នៃគោលនយោបាយដែលត្រូវបានដាក់ចេញ ។

– លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ថ្លែងថា​ គិតចាប់តាំងពីឆ្នាំ ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គម ដែលមានស្រាប់ និង ការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់ ក្នុងទិដ្ឋភាពចំនួន ២ គឺ ទិដ្ឋភាពជំនួយសង្គម និងទិដ្ឋភាពសន្តិសុខសង្គម។

-លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ថ្លែងថា​ គិតត្រឹមដំណាច់ឆ្នាំ ២០២៤, កម្មវិធីជាតិជំនួយសង្គម មានចំនួន ៨ ដែលគ្របដណ្តប់លើពលរដ្ឋសរុបចំនួន ១,២ លានគ្រួសារ ដែលមានសមាជិកចំនួនជាង ៤,៨ លាននាក់ (ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយបានចំណាយថវិការដ្ឋ ក្នុងទំហំ ១ ១៤០ ប៊ីលានរៀល, សមមូលប្រមាណ ២៨៥ លានដុល្លារអាម៉េរិក។

-លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថាសម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពកម្មវិធីជំនួយសង្គមដែលមានស្រាប់ រួមទាំងមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅ ដែលជាជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ ក៏ដូចជា បានដាក់ឲ្យដំណើរការនូវកម្មវិធីថ្មីៗ ដូចជា កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និង កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និង ផ្តល់ឱកាសឲ្យពួកគាត់ អាចស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។

-លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ថ្លែងថា​ គិតត្រឹមដំណាច់ឆ្នាំ ២០២៤, របបសន្តិសុខសង្គមមានចំនួន ៣ ធំៗ ដែលបានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២,៧ លាននាក់, ទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន, ដោយបានចំណាយថវិកាសរុបចំនួនប្រមាណ ២ ២៩៧ ប៊ីលានរៀល, ស្មើនឹងប្រមាណ ៥៧៤ លានដុល្លារអាម៉េរិក, ក្នុងនោះ រួមមាន៖ ថវិការដ្ឋចំនួន ៤០៦ លានដុល្លារអាម៉េរិក និង ថវិកាភាគទានប្រមាណ ១៦៨ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដែលរបបសន្តិសុខសង្គមទាំងនោះ រួមមាន៖ ១). របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.; ២). របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និង មន្ត្រីសាធារណៈ; និង ៣). របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន ។

សូមជម្រាបជូនថា​ សប្តាហ៍គាំពារសង្គម ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និងឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកល ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់សាធារណជន ឱ្យជ្រាបកាន់តែច្បាស់។ សម្រាប់ឆ្នាំ២០២៥ នេះ, សប្តាហ៍គាំពារសង្គមកម្ពុជា នឹងត្រូវរៀបចំឡើងក្រោមមូលបទ “អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្ដជីវិត” ។

...

“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ដែលជាការធ្វើបច្ចុប្បន្នកម្ម “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិស សម្រាប់រយៈពេល ១១ឆ្នាំ ទៅមុខ ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រ ជាទូទៅ, សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print