នៅឆ្នាំ ១៩៧៥ ក្រុមគ្រួសាររបស់ខ្ញុំ រួមមាន ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំចំនួន ៦ នាក់ទៀតបានរស់នៅក្នុងស្រុកកំណើតដែលស្ថិតក្នុងភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងនៅឡើយទេ។ លុះដល់ឆ្នាំ ១៩៧៦ ខ្មែរក្រហមមានផែនការជម្លៀសប្រជាជនដែលរស់នៅក្នុងខេត្តស្វាយរៀងទៅរស់នៅកន្លែងផ្សេងៗ។ ភាគច្រើនគេហៅយើងថាពួកបូព៌ា។ ខ្មែរក្រហមចោទពួកបូព៌ាថា មាននិន្នាការក្បត់អង្គការ ដូច្នេះហើយប្រជាជនទាំងអស់តម្រូវឲ្យចាកចេញពីភូមិកំណើតរបស់ខ្លួន។
* ជម្លៀសទៅខេត្តពោធិ៍សាត់÷
ថ្ងៃមួយអ្នកភូមិអង្គ្រងរួមជាមួយអ្នកភូមិដទៃទៀតនៅក្នុងខេត្តស្វាយរៀង នាំគ្នាធ្វើដំណើរដោយថ្មើរជើងតាមផ្លូវថ្នល់ឆ្ពោះទៅកាន់ព្រំដែនវៀតណាមក្នុងគោលបំណងគេចចេញពីខ្មែរក្រហម ហើយឆ្លងចូលទៅរស់នៅក្នុងប្រទេសវៀតណាម។យើងធ្វើដំណើរទើបតែដល់ភូមិព្រៃស្រគំ ឃុំបុស្សមន ស្រុករំដួល ពួកខ្មែរក្រហមបានតាមមកទាន់រួចបានឃាត់ប្រជាជនឲ្យត្រឡប់បកក្រោយវិញ។ ប្រជាជនពាក់កណ្ដាលបានរត់គេចរួចខ្លួនចូលទៅក្នុងទឹកដីវៀតណាម។ម្ដាយមីងរបស់ខ្ញុំម្នាក់បានទៅប្រទេសវៀតណាមរហូតដល់ឆ្នាំ ១៩៧៩ ទើបត្រឡប់មកស្រុកកំណើតវិញ។
ក្រុមគ្រួសារ និងអ្នកភូមិរបស់ខ្ញុំត្រូវខ្មែរក្រហមកំណត់ឲ្យធ្វើដំណើរថ្មើរជើងតាមផ្លូវជាតិលេខ 1 ១ ឆ្ពោះទៅទិសខាងលិចអស់រយៈពេលជាច្រើនថ្ងៃ ក៏បានមកដល់អ្នកលឿង។ យប់ជ្រៅបន្តិច ខ្មែរក្រហមបាននាំយើងចុះជិះកប៉ាល់បន្តធ្វើដំណើរតាមដងទន្លេមេគង្គតម្រង់ទៅកាន់រាជធានីភ្នំពេញ។ ព្រលឹមស្រាងៗកប៉ាល់បានមកដល់ និងឈប់សំចតនៅកំពង់ផែមួយម្ដុំផ្សារច្បារអំពៅ។ ក្រុមខ្មែរក្រហមបានចែកបាយ និងត្រីចំហុយឱ្យយើងហូបឆ្អែតគ្រប់ៗគ្នា រួចទើបយកឡានមកដឹកពួកយើងទៅកាន់ស្ថានីយ៍រថភ្លើង រួចឡើងជិះរថភ្លើងធ្វើដំណើរបន្តឆ្ពោះទៅកាន់ភាគខាងជើង។ អ្នកភូមិរបស់ខ្ញុំជាច្រើនគ្រួសារត្រូវជិះក្នុងទូររថភ្លើងជាមួយគ្នា។ អស់រយៈពេលជាច្រើនម៉ោងហើយកាន់តែយប់ជ្រៅទៅៗ រថភ្លើងបានទៅដល់ស្ថានីមួយស្ថិតក្នុងទឹកដីស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅក្នុងស្ថានីយ៍រថភ្លើងមានពួកខ្មែរក្រហមដែលជាម្ចាស់ស្រុកនៅទីនោះឈរចាំពួកយើងរួចជាស្រេច។ ពួកគេឲ្យបងប្អូនអ្នកភូមិរបស់ខ្ញុំរស់នៅទីនេះតែម្ដង។ រីឯប្រជាជនដទៃទៀតដែលជិះនៅទូររថភ្លើងផ្សេងៗត្រូវបន្តដំណើរទៅមុខទៀត។
*សហករណ៍ស្តុកខ្លា÷
ទីនេះជាសហករណ៍ស្ដុកខ្លា ស្ថិតនៅក្នុងភូមិស្វាយស ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយនៅក្បែរសហករណ៍អូរចែង សហករណ៍តាលោ និងសហករណ៍សំរោង។ នៅទីនេះមានផ្ទះក្បឿងដំបូល ៣ ខ្នងធំៗជាច្រើនដែលមានដើមល្មុតនៅព័ទ្ធជុំវិញផ្ទះ។ ផ្ទះនោះឲ្យប្រជាជនថ្មីថ្នាក់នៅ។ ក្នុងផ្ទះនីមួយៗអង្គការឲ្យយើងរស់នៅចាប់ពី ២គ្រួសារឡើងទៅតាមសមាជិកគ្រួសារតិចឬច្រើន។
ថ្ងៃស្អែកឡើងអង្គការចាប់ផ្ដើមបែងចែកការងារឲ្យប្រជាជនថ្មីធ្វើគ្រប់ៗគ្នា។ គេបំបែកសមាជិកក្នុងក្រុមគ្រួសារនីមួយៗចេញពីគ្នាមិនឲ្យរស់នៅជួបជុំម៉ែឪ បងប្អូន ដូចមុនទៀតឡើយ លើកលែងតែកុមារតូចៗ។ អង្គការបានផ្សព្វផ្សាយមិនឲ្យប្រើប្រាស់សម្លៀកបំពាក់ដែលមានពណ៌ឆើតឆាយទៀតទេ។ ពណ៌សម្លៀកបំពាក់ដែលគេកំណត់ឲ្យប្រើនាពេលនោះគឺ ពណ៌ខ្មៅហើយប្រសិនបើយើងគ្មានខោអាវពណ៌ខ្មៅទេ យើងត្រូវយកខោអាវពណ៌ផ្សេងៗទៅជ្រលក់ធ្វើយ៉ាងណាឲ្យចេញទៅជាពណ៌ខ្មៅ។ មិនតែប៉ុណ្ណោះយើងត្រូវហៅគ្នាថា “សមមិត្ត ឬមិត្ត” ។
ឪពុករបស់ខ្ញុំត្រូវអង្គការឲ្យធ្វើការនៅផ្នែកដាំឆ្នាំជក់។ ជារៀងរាល់ពេលយប់ងងឹតបន្តិច ទើបខ្ញុំឃើញពុករបស់ខ្ញុំមកដល់ផ្ទះវិញ ហើយមេឃមិនទាន់ភ្លឺផង គាត់ត្រូវចាកចេញពីផ្ទះទៅធ្វើការបាត់ទៀត។ ជារឿយៗឪពុករបស់ខ្ញុំតែងតែលួចសន្លឹកឆ្នាំជក់ដែលគាត់ដាំបានទៅដូរយកត្រីពីក្រុមនេសាទ ហើយគាត់យកត្រីនោះមកផ្ទះដុតឱ្យកូនប្រពន្ធហូបនៅពេលយប់ស្ងាត់យ៉ាងលាក់បាំងបំផុត។
ឯម្ដាយរបស់ខ្ញុំវិញ ត្រូវអង្គការឲ្យទៅច្រូតស្រូវកាប់គាស់ដី និងដាំបន្លែផ្សេងៗ។ គាត់ទៅធ្វើការតាំងពីព្រលឹមរហូតដល់ព្រលប់ ទើបត្រឡប់មកវិញដូចពុករបស់ខ្ញុំដែរ។ ពេលមកដល់ផ្ទះ ម៉ែតែងស្រាយជាយក្រមាយកកំប៉ុងវាល់អង្ករចេញមក។ ក្នុងកំប៉ុងនោះមានបាយរបបប្រចាំថ្ងៃរបស់គាត់។ គាត់បេះពីមាត់ពីកហូបខ្លះ លួចញាត់ទុកខ្លះយកមកផ្ទះ។ ម៉ែធ្វើបែបនេះគឺដើម្បីលួចលាក់ទុកមកឱ្យខ្ញុំ។ ម៉ែរបស់ខ្ញុំខ្លាចកូនឃ្លាននៅពេលយប់។
ឱអ្នកម្ដាយខ្ញុំអើយ! ពេលកន្លងផុតទៅជាច្រើនខែឆ្នាំ ទើបកូនកាន់តែយល់ច្បាស់ពីជម្រៅទឹកចិត្តរបស់ម៉ែថាមានទំហំធំប៉ុណ្ណាមកលើកូន។ រាល់ពេលឱ្យតែខ្ញុំនឹកឃើញដល់រឿងនេះម្ដងៗខ្ញុំក្តុកក្តួលរំជួលចិត្តឥតឧបមា ទឹកនេត្រាហូរស្រក់ចុះមកដោយពុំដឹងខ្លួន។ (នៅមានត)