ភ្នំពេញ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំព្រឹត្តិការណ៍ពិធីបិទ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- និងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈ ថ្នាក់ជាតិ រួមគ្នាកម្ពុជា-ចិន ការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូត សម្លៀកបំពាក់បុរាណ និងប្រពៃណីកម្ពុជា ចិន រួមជាមួយកម្មវិធីសំខាន់ៗមួយចំនួនទៀត។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជារួម ចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងជាឱកាសក្នុងការ ផ្សារភ្ជាប់ និងពង្រីកទំនាកទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជកម្ម ពង្រឹងភាពជាដៃគូ នឹងកិច្ច សហប្រតិបត្តិការល្អរួមចំណែកដល់ការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងដើម្បីជាការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែក រដ្ឋ ឯកជន សារព័ត៌មានជាតិ-អន្តរជាតិ សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ពិធីនេះឱ្យបានទូលំទូលាយ។
លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលពេញ១ឆ្នាំ ២០២៤ កម្ពុជានិងចិនបានរៀបចំនូវព្រឹត្តិការណ៍ជាច្រើនសម្រាប់សាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា និងចិន ជាពិសេសពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា និងចិន ឆ្នាំ២០២៤ នៅខេត្តសៀមរាប នារាត្រីថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤។ ដោយឡែក កម្ពុជានិងចិនគ្រោងរៀបចំពិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា និងចិន នៅខេត្តហឺណាន ប្រទេសចិន គឺជាការគូសរំលេចពីទំនាក់ទំនងដែកថែបរវាងប្រទេសយើងទាំងពីរ ព្រមទាំងបានបញ្ជាក់កាន់តែច្បាស់ពីសាមគ្គីភាពកាន់តែរឹងមាំនៃប្រជាជនកម្ពុជានិងប្រជាជនចិន។ បន្ថែមពីលើនេះ បទពិសោធន៍ពេញ១ឆ្នាំ២០២៤ បានក្លាយជាកម្លាំងចលករ ក្លាយជាកត្តាលីករ និងក្លាយជាច្រកទ្វារកាន់តែធំទូលាយក្នុងការស្រូបទាញទេសចរជនជាតិចិនមកទស្សនាកម្ពុជាក្នុងឆ្នាំ២០២៥ ដែលព្រឹត្តិការណ៍នៃការបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា និងចិនបានជួយដល់ការចេញដំណើរប្រកបដោយភាពរលូន និងល្បឿននៃការផលិតមាសបៃតងរបស់កម្ពុជាកាន់តែបរិមាណរឹតតែធំឡើងជាលំដាប់ដោយឈរលើយន្តការដែលកម្ពុជាមានស្រាប់នោះគឺយុទ្ធសាស្រ្តCHINA READY ដែលនឹងផ្តល់ជាគុណតម្លៃដ៏ប្រសើរនៃឯកសារគន្ថនិទ្ទេសដ៏ល្អសម្រាប់កម្ពុជានិងចិនមានទឡ្ហីករណ៍គ្រប់គ្រាន់ក្នុងការប្រកាសជាផ្លូវការនូវឆ្នាំទេសចរណ៍កម្ពុជា-ចិន ប្រកបដោយទំនុកចិត្តខ្ពស់លើការស្រូបទាញទេសចរជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជាស្របតាមគោលដៅដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥នេះ៕
ប្រភព ៖ «CCFR China state-controlled media »