សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា សកម្មភាពបង្កហេតុផ្នែកយោធាធ្វើឡើងដោយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងមានការកើនឡើងនៅក្រោមរដ្ឋបាលបច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខរបស់ប្រទេសកូរ៉េខាងជើង ដោយចង់សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗនេះ នៅកូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងជើង បានបន្តដូច្នេះថា «ពួកយើងនឹងទប់ទល់ការគំរាមកំហែងយុទ្ធសាស្រ្តរបស់សត្រូវ ជាមួយមធ្យោបាយយុទ្ធសាស្រ្តរបស់យើង» ហើយទីក្រុងព្យុងយ៉ាង ក៏នឹងបន្តសកម្មភាពយោធារបស់ខ្លួនដែរ។
បើតាមការឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធផ្លូវអាកាសរួមមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិក ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក B-1B យ៉ាងហោច១គ្រឿង។ ជាយូរមកហើយ កូរ៉េខាងជើង បានថ្កោលទោសការធ្វើសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ថាជាការហាត់សមធ្វើសង្រ្គាម ខណៈទីក្រុងសេអ៊ូលបានអះអាងថា លំហាត់យោធាទាំងនោះ គឺជាសកម្មភាពពង្រឹងការការពារខ្លួនសុទ្ធសាធ៕ ដោយធីរីណា
រូបថត: KRT