សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធ បានបញ្ចប់ក្តី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំក៏បានថ្លែង «បន្ថែមពីលើ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួន ទាក់ទងនឹងសកម្មភាពមីន។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបាន កាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធ បានបញ្ចប់ក្តី។

សម្តេចធិបតី បញ្ជាក់ថា ៖ ទោះបីកម្ពុជាជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ រយៈពេលជាង១៨ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន៩ ៨២៤នាក់ ក្នុងនោះ នារី៨៥៧នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុសន្តិភាពនេះហើយ ទាហាន មួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែល បានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print