ភ្នំពេញ៖ ក្នុងសម័យកាលដែលការវិវត្តនៃបច្ចេកវិទ្យាកំពុងស្គាល់នូវការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលសព្វថ្ងៃនេះ មនុស្សភាគច្រើនប្រហែលជាធ្លាប់បានលឺ ឬដឹងពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ហើយ។ បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬបដិវត្តន៍ឧស្សាហកម្មទី ៤ គឺជារបត់ ឬដំណើរនៃការធ្វើទំនើបកម្មទៅលើរបៀបនៃការផលិត ការប្រើប្រាស់ និងធ្វើអន្តរកម្មជាមួយផលិតផល ឬសេវាកម្មនានា ដែលជួយសម្រួល ឬផ្តល់ផលប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស។ បដិវត្តន៍ឧស្សាហកម្មនេះ ត្រូវបានគេហៅមួយបែបទៀតថា ជាបដិវត្តន៍បច្ចេកវិទ្យា ដោយសារតែវាមានការរួមចំណែកមួយផ្នែកធំនៃការលាយបញ្ចូលគ្នារវាងបច្ចេកវិទ្យាឌីជីថល រូបវិទ្យា និងជីវសាស្រ្ត ដែលបង្កើតឱកាសដល់មនុស្សក្នុងការអភិវឌ្ឍគុណភាពជីវិត សង្គម អាជីវកម្ម និងផ្នែកដទៃទៀតជាច្រើនឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
មុនការមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី ៤ មនុស្សជាតិយើងធ្លាប់បានឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មចំនួន ០៣លើករួចមកហើយ ដោយដំបូង បដិវត្តន៍ឧស្សាហកម្មទី ១ ចាប់ផ្តើមក្នុងអំឡុងចុងសតវត្សទី ១៨ ជាមួយនឹងការចាប់ផ្តើមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីថាមពលចំហាយទឹក និងគ្រឿងយន្ត។ បន្ទាប់មក បដិវត្តន៍ឧស្សាហកម្មទី ២ បានចាប់ផ្តើមក្នុងអំឡុងចុងសតវត្សទី ១៩ ជាមួយនឹងការប្រើប្រាស់អគ្គីសនីសម្រាប់ដំណើរការការងារផ្សេងៗ ព្រមជាមួយនឹងលទ្ធភាពក្នុងការផលិតក្នុងលក្ខណៈទ្រង់ទ្រាយធំ ដែលជួយជំរុញដល់ការផ្គត់ផ្គង់ផលិតផលឱ្យកាន់តែមានភាពទូលំទូលាយ និងពង្រីកសេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើន។ រហូតដល់អំឡុងទស្សវត្សឆ្នាំ ១៩៦០ បដិវត្តន៍ឧស្សាហកម្មថ្មីមួយបានចាប់ផ្តើម ដែលនោះគឺជាបដិវត្តន៍ឧស្សាហកម្មទី ៣ ដោយមនុស្សចាប់ផ្តើមប្រើប្រាស់ និងផលិតឧបករណ៍អេឡិចត្រូនិច និងគ្រឿងចក្រ ឫគ្រឿងយន្តដែលដំណើរការដោយស្វ័យប្រវត្តិ។ ក្នុងបដិវត្តន៍ឧស្សាហកម្មទី ៣ នេះហើយ ដែលមនុស្សជាតិចាប់ផ្តើមស្គាល់នូវរបកគំហើញថ្មីៗជាច្រើនដែលកំពុងមានវត្តមានក្នុងពេលសព្វថ្ងៃនេះ ដោយក្នុងនោះមានដូចជា កុំព្យូទ័រ ទូរស័ព្ទ ម៉ាស៊ីននានា រថយន្ត ម៉ូតូ និងឧបករណ៍ទំនើបៗផ្សេងៗទៀតជាច្រើន។
ឈានចូលមកដល់បដិវត្តន៍ឧស្សាហកម្មទី ៤ វិញ វាគឺជារបត់ដ៏សំខាន់ថ្មីមួយទៀតសម្រាប់មនុស្សជាតិ ដោយវាធ្វើការផ្តោតសំខាន់លើប្រព័ន្ធរូបវិទ្យាតាមប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលភាវូបនីយកម្ម ដែលមានដូចជា អុីនធឺណិត (Internet of Thingsឬ IoT), បញ្ញាសិប្បនិម្មិត (Artificial Intelligence ឬ AI), Machine Learning, Cloud Computing, គ្រឿងយន្តកម្រិតខ្ពស់ និងបច្ចេកវិទ្យា Digital Twin ជាដើម។
ជាមួយបច្ចេកវិទ្យា ឬរបកគំហើញដែលជាធាតុសំខាន់ៗក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ ដូចដែលបានរៀបរាប់ខាងលើ វាបាននឹងកំពុងរួមចំណែកក្នុងការជំរុញ និងធ្វើទំនើបកម្មដល់របៀបរបបនៃការធ្វើការងារ និងការរស់នៅជាច្រើនរបស់មនុស្ស ដោយក្នុងនោះ វាបានជួយជំរុញឱ្យដំណើរការនៃការផលិត ឬប្រតិបត្តិការសេវាកម្មក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឱ្យមានដំណើរការលឿន មានភាពឆ្លាតវៃ បង្កើនប្រសិទ្ធិភាព កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការខ្ជះខ្ជាយក្នុងការដំណើរការផលិត ឬប្រតិបត្តិការជាដើម។ ទន្ទឹមគ្នានេះ វាបានផ្តល់នូវបែបផែននៃការគ្រប់គ្រងទំនើបដល់អ្នកម្ចាស់អាជីវកម្ម សហគ្រាស ក្រុមហ៊ុន អ្នកគ្រប់គ្រងនៅតាមរោងចក្រ និងរហូតដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរ ជាមួយការតាមដានលទ្ធផលការងារក្នុងពេលវេលាជាក់ស្តែង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងហានិភ័យនានា។ ក្រៅពីនេះ បច្ចេកវិទ្យាទាំងនោះ បានសម្រួល ឬអាចនិយាយបានថាសន្សំសំចៃកម្លាំងពលកម្មបានមួយផ្នែកធំជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន ឬប្រព័ន្ធដែលដំណើរការដោយស្វ័យប្រវត្តិ ដែលនេះក៏ជាផ្នែកមួយក្នុងការការជួយកាត់បន្ថយថ្លៃដើមនៃការធ្វើប្រតិបត្តការ ឬការផលិត ហើយដែលនៅទីបំផុតធ្វើឱ្យតម្លៃផលិតផល ឬសេវាកម្មដែលដាក់លក់នៅលើទីផ្សារ មានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ជាទូទៅ។
ដោយឡែក សម្រាប់ឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ មកលើការរស់នៅរបស់មនុស្សវិញ វាបានបង្កើតនូវរបៀបរបបនៃការរស់នៅថ្មីមួយសម្រាប់មនុស្សដោយផ្តល់នូវបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗថ្មីៗជាច្រើនរាប់ចាប់តាំងពី AI និង IoT ជាដើម ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក្តី ក្រៅពីគុណសម្បត្តិដូចដែលបានលើកឡើងខាងលើ បច្ចេកវិទ្យា ឬរបកគំហើញក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ ក៏មានគុណវិបត្តិ ឬចំណុចដែលគួរពិចារណា ឬប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ផងដែរ។ តួយ៉ាង បច្ចេកវិទ្យា ឬរបកគំហើញទាំងនោះ នឹងចូលមកដណ្តើមការងារប្រពៃណីរបស់មនុស្ស ដែលនៅទីបំផុត នឹងធ្វើឱ្យមនុស្សបាត់បង់ការងារ ហើយចង់ ឬមិនចង់ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់មនុស្ស។ តទៅថ្ងៃខាងមុខ វានឹងបន្តធ្វើឱ្យមនុស្សបាត់បង់ឱកាសបញ្ចេញសមត្ថភាព ប៉ះពាល់ដល់ការលូតលាសផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមនៃភាពអត់ការងារធ្វើ។ លើសពីនេះ វាក៏នឹងធ្វើឱ្យមនុស្សបាត់បង់ផលិតភាព ឬភាពច្នៃប្រឌិត ដោយសារតែការពឹងផ្អែកលើបច្ចេកវិទ្យាទំនើបៗទាំងនោះក្នុងការគិត ពិចារណា ឬធ្វើការសម្រេចចិត្តលើការងារផ្សេងៗជំនួស ខណៈដែលក្នុងកាលទេសៈខ្លះ ការគិត ពិចារណា ឬសម្រេចចិត្តដោយមនុស្សផ្ទាល់ អាចមានប្រសិទ្ធភាព និងគុណភាពល្អជាង ដោយសារតែវាមានលាយបញ្ចូលនូវលក្ខខណ្ឌធម្មជាតិមួយចំនួនដែលបច្ចេកវិទ្យាទាំងនោះមិនមាន ឧទាហរណ៍ដូចជាការគុណធម៌ សីលធម៌ និងការយោគយល់ជាដើម។
ក្រៅពីចំណុចដូចដែលបានរៀបរាប់ខាងលើ ការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា ឬរបកគំហើញថ្មីៗក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ តម្រូវឱ្យមានការចំណាយខ្ពស់លើការរៀបចំដំណើរការ ឬលំហូរការងារ និងជាពិសេសលើការការពារប្រព័ន្ធសុវត្ថិភាពដែលជាចំណុចសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា ហើយតម្រូវឱ្យចំណាយពេលរង់ចាំយូរ ដើម្បីទទួលបានផលចំណេញពីការវិនិយោគ។
សុរបមក បដិវត្តន៍ឧស្សាហកម្មទី ៤ ឬបដិវត្តន៍ឧស្សាហកម្ម ៤.0 គឺជារបត់នៃការផ្លាស់ប្តូររបៀបនៃការដំណើរការផលិតកម្ម ឧស្សាហកម្ម ឬប្រតិបត្តិការ ដោយវាបានអភិវឌ្ឍន៍របៀបនៃការធ្វើការងាររបស់មនុស្សឱ្យកាន់តែមានភាពទំនើប និងល្អប្រសើរជាងមុន។ តែទោះជាយ៉ាងណាក្តី វាក៏ផ្តល់ជាអត្ថប្រយោជន៍ និងគុណវិបត្តក្នុងពេលទន្ទឹមគ្នាផងដែរ ដែលនេះតម្រូវឱ្យអ្នកប្រើប្រាស់មានការថ្លឹងថ្លែង ពិចារណាឱ្យដិតដល់ សម្របខ្លួន និងរៀនសូត្រឱ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យានានាក្នុងបដិវត្តន៍ឧស្សាហកម្មមួយនេះ ដើម្បីឱ្យប្រាកដថាវានឹងមិនបង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្ស ព្រមទាំងការលូតលាស់ទៅមុខនៃសង្គមជាតិ និងពិភពលោកទាំងមូល៕
ដោយ៖តារា