ទីព្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី៣ របស់លោកស្រី ស៊ូជី ក្រោយពេលលោកស្រីចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១៦។
កន្លងមកចិន បានស្វាគមន៍លោកស្រី អ៊ុង សានសូជី ទស្សនកិច្ចទៅកាន់ចិន ជាលើទីមួយកាលពីខែមិថុនា ឆ្នាំ២០១៥ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំងមីយ៉ាន់ម៉ា ។ វាយតម្លៃពីតំណើរទស្សនកិច្ចនោះសារព័ត៌មាន Stratfor បានផ្សព្វផ្សាយនៅអត្ថបទមួយថា ដំណើរទស្សនកិច្ចរបស់លោកស្រីស៊ូជី គឺជាការអនុវត្តគោលនយោបាយការបរទេស ពង្រីកទំនាក់ទំនង ដែលរដ្ឋាភិបាលបានខិតខំ។
ដណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់លោកស្រីស៊ូជី កើតឡើងចំពេលដែលចិនបានប្រកាសថា ចិននៅតែមានការប្រុងប្រយ័ត្នចំពោះរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា ។ កន្លងមកទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងចិន បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ក្រោយពេលដែលមីយ៉ាន់ម៉ា បានលុបចោលគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ក្រុមហ៊ុនចិន។
ក្នុងពេលជាមួយគ្នានេះ ក្រោយពេលរដ្ឋាភិបាលថ្មីទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងគោលនយោបាយដឹកនាំក៏មិនអាចខ្វះចិនបានឡើយ ដោយចិនមានឥទ្ធិពលជាច្រើនទស្សវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កន្លងមករដ្ឋាភិបាលទទួលបានជោគជ័យនៅក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមជនជាតិភាគតិចនៅជាប់ព្រំដែនភាគខាងជើងមីយ៉ាន់ម៉ា និងការអភិវឌ្ឍសេដ្ឋកិច្ចដែលនៅទន់ខ្សោយ។ ប៉ុន្តែ អ្នកនយោបាយនៅទីក្រុងណៃពីដោ បានចាត់ទុកថា រាល់ការអភិវឌ្ឍគឺមិនអាចខ្វះចិនបានឡើង។ នៅក្នុងវិស័យជាច្រើនមីយ៉ាន់ម៉ាត្រូវការចិនជួយជាចាំបាច់ ។ ចិនត្រូវបានគេសន្និដ្ឋានថា ជាប្រទេសមានឥទ្ធិពលទៅលើប្រទេសមីយ៉ាន់ម៉ា ដដែល។
នៅពេលនេះលោកស្រីស៊ូជី បានខិតខំដោះស្រាយរាល់ក្តីបារម្ភរបស់ចិនចំពោះមីយ៉ាន់ម៉ានាពេលកន្លងមក ។ ក្នុងនោះមីយ៉ាន់ម៉ា និងការពារក្រុមហ៊ុនវិនិយោករបស់ចិននៅក្នុងទឹកដីរបស់ខ្លួន។ នៅពេលនេះផលប្រយោជន៍របស់ប្រទេសទាំងពីរនឹងជួយកាត់បន្ថយនិងផ្សះផ្សាទំនាក់ទំនងដែលបានប្រេះឆានាពេលកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី