តាំងពីការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា នៅតំបន់ទេសចរណ៍ក្នុងប្រទេស រហូតមកទល់ពេលនេះមិនទាន់រកឃើញអ្នកដែលនៅពីក្រោយខ្នងនៅឡើយ បើទោះបីប៉ូលិសចាប់បានជនសង្ស័យ ១៥នាក់ក៏ដោយ។ នៅពេលនេះប៉ូលិសក៏មិនទាន់ប្រកាសអត្តសញ្ញាជនសង្ស័យឃុំខ្លួនទាំង ១៥នាក់នោះហើយក៏មិនទាន់មានក្រុមណាមួយចេញសារភាពជាស្នាដៃរបស់ខ្លួនឡើយ។
ពេលដំបូងប៉ូលិបានចាប់ខ្លួនជនសង្ស័យចំនួន ១៧នាក់ តែបានសម្រេចដោះលែងចំនួន ២នាក់វិញ នេះជាការប្រកាសរបស់អ្នកតំណាងរបបសឹកលោកវរសេនីយ៍ឯក ប៊ូរិន តុងប្រាប៉ៃ នាថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ។ ក៏ប៉ុន្តែ អ្នកតំណាងរបបសឹករូបនេះមិនបានបញ្ជាក់ទេថា តើជនសង្ស័យឃុំខ្លួនទាំង ១៥នាក់នោះត្រូវបានចោទប្រកាន់ពីបទអ្វីខ្លះ? មានអត្តសញ្ញាណយ៉ាងម៉េច និងត្រូវឃុំខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ? នៅក្នុងប្រទេសថៃ កងទ័ពមានសិទ្ធិឃុំខ្លួនជនសង្ស័យរហូតដល់ ៧ថ្ងៃដើម្បីសួរចម្លើយមុននឹងប្រគល់ទៅឲ្យប៉ូលិសចោទសួរជាបន្តទៀត។
ករណីជនសង្ស័យទាំង ១៥រូបនឹងត្រូវកងទ័ពបញ្ជូនទៅឲ្យប៉ូលិសនៅថ្ងៃសុក្រទី១៩ ខែសីហា នេះ ។ សូមរំលឹកជូនថាកាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហាកន្លងទៅ មានគ្រាប់បែកឆ្នៃចំនួន ១១គ្រាប់ត្រូវបានជនមិល់នស្គាមុខបំផ្ទុះនៅតំបន់មួយចំនួនស្ថិត ប៉ែកខាងត្បូង ពិសេសតំបន់ទេសចរណ៍មាត់សមុទ្រចំនួនពីរដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៤នាក់ និងរបួសជាច្រើននាក់ ក្នុងនោះមានអ្នកទេសចរណ៍បរទេសចំនួន ១០នាក់។
រហូតមកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីការស៊ើបអង្កេត ហើយក៏នៅមិនទាន់មានជន ឬចលនាណាមួយចេញមុខសារភាពជាស្នាដៃរបស់ខ្លួនដែរ។ ចំណែកប៉ូលិសបានបដិសេធមិនទម្លាក់ការសង្ស័យលើជន ឬក្រុមណាមួយទេ។ តែរបបសឹកបានផ្តោតលើវិច្ឆេទកម្មក្នុងស្រុករៀបចំដោយក្រុមប្រឆាំងជាជាងដោយក្រុមភេរវជនបរទេស។ នៅក្នុងន័យនេះក្រុមអ្នកឯកទេសបានលើកឡើងថា អាចជាស្នាដៃរបស់ពួកប្រឆាំងដែលគេស្គាល់ជាពួកអាវក្រហម ដើម្បី សងសឹក ឬមួយជាស្នាដៃរបស់ក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូង។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងតាមរយៈលោកស្រីអតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ បានចេញមុខទាត់ចោលការទទួលខុសត្រូវគ្រប់យ៉ាងនៅក្នុងអំពើភេរវកម្មនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី