ក្រុមជំនួយការរបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ច្រានចោលការចោទប្រកាន់ និងប្រឌិតគ្មានមូលដ្ឋានពីស្រ្តីប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងខ្លាំងរបស់នាយឧត្តមសេនីយ៍

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជំនួយការរបស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់លោក ម៉ក់ ជីតូ។
ខាងក្រោមនេះ ជាលិខិតបំភ្លឺ
ក្រុមជំនួយការ លោក ម៉ក់ ជីតូ សូមជំរាបជូនសាធារណៈជនមេត្តាជ្រាបថា !

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញការបង្ហោះក្នុងបណ្តាញសង្គមតិកតុក (Tiktok) របស់ស្ត្រី ម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅឯប្រទេសកាណាដា បុគ្គលនេះបានប្រឌិតចោទប្រកាន់ មូលបង្កាច់ បរិហារ យ៉ាង អសុរសមកលើលោក ដូចជាថា ៖ មានពាក់ព័ន្ធស្នេហាលួចលាក់ ជាខ្នងបង្អែករបស់អ្នកលក់ឡេឈ្មោះ ឡបរីយ៉ា (Love Riya) ចោទប្រកាន់ថា ៖ ជាមេជួញដូរគ្រឿងញៀន ដោយភ្ជាប់រូបភាពមានខ្លឹមសារថា ជាក្រុមប្រដាប់អាវុធប្លន់ រំដោះអ្នកទោសគ្រឿងញៀន និងជាអ្នករកស៊ីអនឡាញខុសច្បាប់ជាមួយចិន ជាពិសេសចោទប្រកាន់ថា មិនមានភក្ដីភាព និងបំផ្លាញកិត្តិយសគ្រួសារសម្តេចតេជោ ទៀតផង !

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបែបនេះ យើងខ្ញុំសូមធ្វើការបំភ្លឺជូនដូចតទៅ៖

១. នេះមិនមែនជាលើកទី១ទេ ដែលពួកឧក្រឹដ្ឋជន ពួកប្រឆាំង ពួកអមិត្តដែលមានឧបាយកលទុច្ចរិត ប្រឌិត មូលបង្កាច់ វាយប្រហារមកលើរូបលោក ដូចជាកន្លងមកក៏មានជនបរទេសឈ្មោះ ប្រេត អាដាំ ជាដើម ។

២. មិនមានអ្វីប្លែកទេចំពោះមាយាទថោកទាប អសីលធម៌ ជេរបញ្ចោរ អាសអាភាស ប្រឌិត មូលបង្កាច់របស់បុគ្គល ឈ្មោះ សំ សុខា នេះ ! បុគ្គលថោកទាបនេះជាញឹកញាប់ ធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់ វាយប្រហារ ថ្នាក់ដឹកនាំ បង្កការញុះញង់រហូតត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២ដងរួចមកហើយដែរ ។

៣. សូមបដិសេធទាំងស្រុងចំពោះព័ត៌មានរបស់បុគ្គលថោកទាបនេះ ។ នេះជាការប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិត ស៊ី ឈ្នួលបំរើឧបាយកល និងកេងយកប្រយោជន៍របស់ពួកអមិត្តឧក្រឹដ្ឋជនតែប៉ុណ្ណោះ។

៤. ប្រាកដណាស់ថា បុគ្គលនេះពិតជាបានទទួលព័ត៌មានពីពួកអមិត្ត អគតិ ឧក្រឹដ្ឋជន ដែលមានឧបាយកលបំបែក បំបាក់ មូលបង្កាច់បង្អួចកិត្តិយស ។

យើងខ្ញុំជឿជាក់ថា ទោះបីច្បាប់មិនទាន់អាចផ្តន្ទាទោសបុគ្គលនេះក៏ដោយ ប៉ុន្តែប្រាកដជាមាន ព្រះជាម្ចាស់ ទេវតា វត្ថុសក្តិសិទ្ធិ នឹងរកយុត្តិធម៌ ផ្តន្ទាទោស បរាមុខជននេះនិងបក្សពួក អោយវិនាសអន្តរាយ ក្តៅក្រហាយ កុំបីស្គាល់អ្វីជា សេចក្តីសុខក្នុងមួយជីវិតនេះជាមិនខាន។

ទោះបីប្រឈមនឹងឧបាយកលដ៏កខ្វក់ខាងលើនេះ លោក ពិតជាដាច់ខាត មិនរារែក ចុះចាញ់ ឬបាក់ទឹកចិត្តក្នុង ការបំរើជាតិ មាតុភូមិ និងអនុវត្តន៍តាមបទបញ្ជាររបស់ថ្នាក់ដឹកនាំនោះឡើយ ។ ពាក្យចាស់លោកបានណែនាំមកហើយថាៈ ” បើឆ្កែខាំ កុំខាំឆ្កែវិញ” និង” ឆ្កែចេះ តែព្រុស មនុស្សចេះតែដើរ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print