ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្ដវិនិយោគលើប្រព័ន្ធ៥G ដើម្បីពង្រឹងបន្ថែមទៀត គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍មួយចំនួនសម្រាប់ត្រៀមលក្ខណៈបង្ករជាមួយប្រព័ន្ធ AIនាពេលខាងមុខ ខណៈដែលការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺបញ្ជូលនៅគ្រប់វិស័យទាំងអស់បន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រនិង បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ឯកជនមួយនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់វិស័យអប់រំ និងជំនាញវិជ្ជាជីវៈ ដើម្បីពន្លឿនការពង្រីកធនធានមនុស្ស និងការពង្រឹងមូលធនមនុស្សសម្រាប់ឆ្លើយតបបានទាន់ពេលវេលានូវសេចក្ដីត្រូវការនៃវិវត្ដន៍នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា។
« សម្ដេចធិបតី មានប្រសាសន៍ថា ៖ AIឥឡូវឆ្លាតណាស់ AIបើយើងដើរមិនទាន់ទេ គឺគ្រោះថ្នាក់ ខណៈដែលមានថ្នាក់ដឹកនាំអ៊ីតាលីម្នាក់ ដែលជាមហាសេដ្ឋី បានផ្ញើលុយត្រូវបានគេបោកលុយអស់១លានអ៊ឺរ៉ូ តាមរយៈទូរស័ព្ទប្រើប្រព័ន្ធAI ធ្វើជាសំឡេងរបស់រដ្ឋមន្រ្ដីការពារជាតិអ៊ីតាលី ដោយរដ្ឋមន្រ្ដីអ៊ីតាលីមិនដឹងនោះឡើយ ដូច្នេះ គ្រប់ទាំងអស់គឺជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ទិសដៅកសាងបន្ថែមដែលទាក់ទងទៅប្រជាជន ហើយបើមានតែបច្ចេកវិទ្យាតែប្រជាជនអត់ប្រើ គឺល្អនោះទេ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺពាក់ព័ន្ធជាមួយជីវិតមនុស្សគ្រប់គ្នា បន្ទាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពនៃការប្រកួតប្រជែងរបស់ប្រទេសជាតិ។»
សម្ដេចធិបតីបានបញ្ជាក់ថា ជាក់ស្ដែងការប្រើប្រាស់បច្ចេកវិទ្យា និងលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺអាចធ្វើទៅបាននូវគ្រប់វិស័យទាំងអស់មិនមែនតែវិស័យអប់រំនោះទេ ដូចជាការធ្វើបច្ចុប្បន្នភាពព្រះត្រៃបិដក ឬព្រះធម៌ទៅក្នុងឌីជីថលជាដើម។ ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់សណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារ គឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម។
ជាមួយគ្នានេះ សម្ដេចបតី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ពលរដ្ឋ ជាពិសេសមន្ត្រីទាំងអស់ត្រូវចេះប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និងទទួលបានផលប្រយោជន៍កាន់តែច្រើនផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល គឺធ្វើឡើងគ្រប់វិស័យទាំងអស់ សូម្បីតែក្នុងវិស័យសាសនា ហើយទូរស័ព្ទ ពិតជាមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ពេលខ្លះមិនអាចខ្វះបានឡើយ។ បច្ចុប្បន្ននេះ សូម្បីតែ E Visa និង E Arrival ជាចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ដែលទើបបានដាក់ឱ្យដំណើរការ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នទិញសំបុត្រចូលទស្សនាតំបន់អង្គរ ក៏ប្រើប្រាស់ឌីជីថលដូចគ្នា, មិនបាំបាច់ពាក់កាតចូលទៀតនោះទេ ប្រើតែ QR Code មួយប៉ុណ្ណោះ ហើយបច្ចេកវិទ្យាកាន់តែទំនើប សូម្បីតែអ្នកលក់ដូរបន្ដិចបន្ទួច ក៏ប្រើប្រាស់ QR Code ដើម្បីទូទាត់ប្រាក់ផងដែរ។
ទន្ទឹមនឹងនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ បើសិនមិនបានប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួបការលំបាកជាមិនខាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងការបង្កើនគុណភាពមនុស្សនៅក្នុងការប្រើប្រាស់ឌីជីថលនេះ គឺជាកិច្ចការសំខាន់ពីព្រោះពាក់ព័ន្ធនឹងដំណើរការជីវិតរបស់យើង ហើយរាជរដ្ឋាភិបាលនៅតែបន្ត ដើម្បីពង្រឹងបន្ថែមទៀត វិនិយោគ 5G វិនិយោគនូវប្រព័ន្ធរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយមួយចំនួនសម្រាប់ AI ទៅខាងមុខទៀត ព្រោះ AI អីឡូវឆ្លាតណាស់ បើយើងតាមមិនទាន់ គឺគ្រោះថ្នាក់»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចេកវិទ្យា AI ប្រសិនបើតាមមិនទាន់ទេច្បាស់នឹងមានគ្រោះថ្នាក់, សូម្បីតែមន្ដ្រីជាន់ខ្ពស់ប្រទេសអ៉ីតាលី ក៏ត្រូវចាញ់បោកគេចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI នេះ ដើម្បីបោកប្រាស់ជាដើម៕
ដោយ ៖ សិលា