ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវមោទកភាព ក្រោយឃើញនូវភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា នៅប្រាសាទអង្គរវត្តមានសន្ទុះឡើងវិញ ដោយសម្តេចបានចាត់ទុកថា ការកើនឡើងនូវភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប នាពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្ត នាពេលសព្វថ្ងៃនេះ គឺមានភ្ញៀវទេសចរណ៍បរទេសចូលទៅទស្សនា រមណីយដ្ឋានអង្គរ និងកំសាន្តនៅផាប់ស្ទ្រីតណែនរាល់ថ្ងៃ ខណៈកំណើននេះ គឺជាមោទកភាពយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាប។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់រដ្ឋបាលខេត្តក៏ដូចជាកងកម្លាំងថែរក្សាសុវត្តិភាពនៅខេត្តសៀមរាបទាំងអស់ គប្បីបង្កើនការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសតំបន់ទេសចរណ៍នានានៅខេត្តនេះតែម្តង។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ខេត្តសៀមរាប គឺជាដែនដីសម្បូរទៅដោយតំបន់ទេសចរ អរិយធម៌ និងវប្បធម៌ ដូច្នេះព្រឹត្តិការណ៍លំដាប់ពិភពលោកបានបង្កើតលើទឹកនេះច្រើនណាស់ជាក់ស្តែងដូចជា ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក BVLGARI បានបង្ហាញម៉ូតផលិតផលរបស់ខ្លួននៅមុខប្រាសាទបាយ័ន ដោយក្រុមហ៊ុននេះ បានដឹកគ្រឿងអលង្ការរបស់ខ្លួនប្រមាណជាងមួយរយលានដុល្លារអាមេរិកមកតាំងបង្ហាញនៅកម្ពុជា ដោយសារតែ កម្ពុជាមានសុខសន្តិភាពនេះហើយ ទើបបានគេហ៊ានមកធ្វើព្រឹត្តិការណ៍ដ៏ធំបែបនេះនៅប្រទេសកម្ពុជាយើងនោះ៕ដោយ៖តារា