រឿង អង្ករផ្លែឫស្សី

ចែករំលែក៖

ពេលខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញទាំងអស់ត្រូវខ្មែរក្រហមជម្លៀសទៅកាន់ទីជនបទតាមទីតាំងផ្សេងៗគ្នា។ ពេលនោះប្រជាជនមួយក្រុម ត្រូវខ្មែរក្រហមជម្លៀសចេញទៅភូមិភាគបស្ចឹមមានព្រំប្រទល់ជាប់នឹងភូមិភាគនិរតី ភូមិភាគបូព៌ា ភូមិភាគកណ្ដាល និងភូមិភាគពាយ័ព្យ។ ភូមិភាគបស្ចឹមបែងចែកជា៤តំបន់ផ្សេងៗគ្នាគឺតំបន់ ១១ ស្ថិតនៅក្នុងខេត្តកោះកុង តំបន់ ៣១ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង តំបន់ ៣២ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងតំបន់ ៣៧ ស្ថិតក្នុងខេត្តព្រះសីហនុ។ សមមិត្តជូន ជេត ហៅថាង ស៊ី ឬហៅ តាស៊ី គឺជាប្រធានគ្រប់គ្រងក្នុងភូមិភាគបស្ចឹម។ តាស៊ីគឺជាមេដឹកនាំសំខាន់មួយរូបនៅក្នុងភូមិភាគនិរតីជាមួយនឹងតាម៉ុក។ គាត់មិនមែនជាមនុស្សកោងកាចឬឃោរឃៅខុសបែបបទនោះទេ។ គាត់គឺជាមនុស្សហ្មត់ចត់ ម៉ឺងម៉ាត់ក្នុងការសម្រេចចិត្តអនុវត្តផែនការរបស់អង្គការ។
ជីវិតនៅក្នុងរបបខ្មែរក្រហមពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនទាំងចាស់ទាំងក្មេង តែងតែមានវត្តមាននៅការតាមការដ្ឋានជានិច្ច។ មនុស្សចាស់ធ្វើការតាមកម្លាំងមនុស្សចាស់ មនុស្សពេញវ័យធ្វើការតាមកម្លាំងមនុស្សធំ រីឯក្មេងៗវិញធ្វើការតាមកម្លាំងក្មេងៗដែលអង្គការបានបែងចែកឲ្យធ្វើ។ នៅតាមផ្ទះនីមួយៗមានសភាពស្ងាត់សូន្យហាក់ដូចជាគ្មានមនុស្សរស់នៅ ហើយយូរៗម្ដងសត្វមាន់ និងសត្វឆ្កែរត់ចុះរត់ឡើងហាក់ដូចជាកំពុងតែចាំយាមផ្ទះ។
គ្រួសារយាយសយ គ្រួសារតាប្រុក និងគ្រួសារតែចូចគឺជាក្រុមគ្រួសារដែលអង្គការសង្ស័យថាជាគិញសម្ងាត់របស់សត្រូវ ហើយអង្គការមិនទុកចិត្តគ្រួសារទាំងអស់នេះទេ។ អង្គការបម្រុងនឹងយកក្រុមគ្រួសារទាំងអស់នោះទៅសម្លាប់ដែរ ប៉ុន្តែតាហួតដែលជាប្រជាជនក្នុងមូលដ្ឋានបានចេញមុខធានាការពារថា ធ្លាប់ស្គាល់ក្រុមគ្រួសារទាំងនោះពីមុនពីមុនមក ទើបអង្គការសម្រេចចិត្តឲ្យក្រុមគ្រួសារនេះរស់នៅជាបណ្ដោះអាសន្នសិន។ ចាប់តាំងពីពេលនោះមកទាំងបួនគ្រួសារស្រឡាញ់រាប់អានគ្នាណាស់។
ប្រពន្ធរបស់តាហួតបានស្លាប់មុនមួយឆ្នាំ មុនពេលដែលកងទ័ពវៀតណាមចូលមកដល់។ ប្រពន្ធរបស់តាហួតបានស្លាប់ដោយសារជំងឺនិងបានបន្សល់ទុកនូវកូនចំនួន ៤ នាក់មានកូនប្រុសចំនួនពីរនាក់ និងកូនស្រីចំនួនពីរនាក់ដែរ។
នៅពេលដែលកងទ័ពវៀតណាមមកដល់ តាហួតបានធ្វើដំណើរជាមួយកូនៗដោយដាក់កូនតូចប្រុសពៅនៅក្នុងសង្រែកម្ខាង ហើយសម្រែកម្ខាងទៀតសម្រាប់អង្កត និងប្រហុក។ គាត់រែកសង្រែកនោះដើរតាមប្រជាជនដទៃទៀត យប់ត្រង់កន្លែងណាណា សម្រាកត្រង់កន្លែងនោះហើយពេលមេឃភ្លឺឡើងពួកគាត់ចេះតែធ្វើដំណើរទៅមុខទៀត។ ស្ថានការណ៍ពេលនោះ កំពុងតែច្របូកច្របល់ខ្លាំង។ តាហួតបានព្រាត់បាត់កូនរបស់គាត់ចំនួនបីនាក់ទៀត។ តាហួតចេះតែស៊ើបសួររកដំណឹងកូនរបស់គាត់ដោយក្តីព្រួយបារម្ភនិងនឹករលឹក។ តាហួតជួបនឹងមនុស្សម្នាក់ សួរម្នាក់ ជួបមនុស្សពីរនាក់សួរពីរនាក់ ហើយដល់កន្លែងណាសួរក៏សួររកកន្លែងហ្នឹង។ គាត់ព្យាយាមសួរគេឯងណាស់ ប៉ុន្តែនៅតែគ្មានដំណឹងពីកូនរបស់គាត់។ នៅតាមផ្លូវធ្វើដំណើរ ដៃរបស់តាហួតម្ខាងទប់ដងរែកនៅលើស្មា ហើយដៃម្ខាងទៀតវែកព្រៃដើរ រីឯមាត់របស់គាត់ចេះតែស្រែកសួររកកូនៗរបស់គាត់។ តាហួតនិងកូនតូចបានធ្វើដំណើរអស់រយៈពេលពីរសប្តាហ៍ ហើយបានមកដល់ភ្នំព្រះ។ គាត់ចេះតែដើរត្រុកសួរពីដំណឹងកូនរបស់គាត់។ គាត់គាត់នឹកនៅក្នុងចិត្តថា កូនអញអើយមិនដឹងស្លាប់យ៉ាងណាទេ ដាច់ពោះស្លាប់នៅទីណាក៏មិនដឹងដែរ។ តើកូនវេទនាយ៉ាងណាទៅបើគ្រាន់តែមនុស្សចាស់វេទនាស្ទើរស្លាប់ស្ទើររស់យ៉ាងនេះទៅហើយនោះ។
ប្រជាជនដែលរត់គេចជាមួយគ្នានៅពេលនោះ ចេះស្រឡាញ់រាប់អានគ្នាដូចជាគ្រួសារតែមួយអ៊ីចឹង។ អ្នកណាមានអង្ករចេះចែករំលែកដល់អ្នកអត់អង្ករដើម្បីបានបាយហូបដូចគ្នា។ ចំណែកម្ហូបវិញគ្មានអ្វីក្រៅពីអំបិលនិងប្រហុកនោះទេ។ ថ្ងៃមួយម៉ោងប្រហែល ៦ ល្ងាចមនុស្សមួយក្រុមបានធ្វើដំណើរមកដល់ភ្នំព្រះដែរ។ ទោះបីប្រជាជនមកជុំគ្នាយ៉ាងណាក៏ដោយសំឡេងនិយាយគ្នាអ៊ូអរកម្រមានណាស់។រំពេចនោះតាហួត បានឃើញកូនស្រីរបស់គាត់ដែលមានមុខមាត់ប្រឡាក់ស្រម៉កស្រងូតស្រងាត់ទឹកភ្នែករលីងរលោងរូបរាងពិបាកមើលណាស់ កំពុងតែដើរកាន់កន្ទុយព្រែករទេះគោរបស់ប្រជាជនដែលធ្វើដំណើរចូលមក។ តាហួតបានស្រែកហៅកូនទាំងក្នុងចិត្តក្តុកក្តួលថា ” ឡៃស៊ីមកូន! ” នៅពេលឮសំឡេងហើយដឹងថាជាសំឡេងរបស់ឪពុក ឡៃស៊ីមសម្លឹងរកសំឡេងនោះភ្លាម រួចស្រែកទ្រហោរយំរត់ទៅឱបឪពុក។ តាហួតនិងកូនយំដូចគ្នា។ តាហួតស្រែកសួរកូនស្រីរបស់គាត់ថាកូនឯងមានឃើញបងៗអត់? ខ្ញុំអត់ឃើញទេឪអើយ! ឡៃស៊ីម និយាយរួចហើយក៏យំឱបឪពុកយំកាន់តែខ្លាំងជាងមុនទៅទៀត។ តាហួតក្រឡេកឃើញបាតជើងកូនស្រីរបស់គាត់ក្រហមរលាកជាដុំៗដូចរងើកភ្លើង រឹតតែសង្វេគក្នុងចិត្ត។ មិនបង្អង់យូរតាហួតបានទៅរកបាយទឹកឱ្យកូននឹងទៅបោចវ័រសំបកឈើនិងជីកយកឫសឈើយកមកដាំទឹកត្រាំជើងឲ្យកូនដើម្បីបន្សាបជាតិពិស និងបំបាត់ការឈឺចុកចាប់។ ឡៃស៊ីម មិនបានស្លាប់តាមផ្លូវដោយសារតែយាយយ៉ុន និងតាប្រុកជួយយកអាសា។
ពេលកំពុងសម្រាកជុំគ្នានៅឯភ្នំព្រះ កងទ័ពខ្មែរក្រហមម្នាក់បានឲ្យដំណឹងថា កងទ័ពវៀតណាមបានវាយបែកបន្ទាយអស់ហើយ និងកំពុងតែវាយបន្តមកទៀត។ កងទ័ពខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនធ្វើដំណើរទៅមុខទៀតទាំងយប់ ដើម្បីឆាប់បានទៅដល់គោលដៅមុនពេលកងទ័ពវៀតណាមវាយបែកតំបន់ភូមិភាគពិសេស។ មួយសប្តាហ៍ក្រោយមកខ្មែរក្រហមបានដឹកនាំប្រជាជនទៅដល់ភ្នំពីស

ដែលជាកន្លែងជំរំបង្កប់មួយ។ ភ្នំពីសស្ថិតនៅដាច់ស្រយាលពីភូមិអ្នកស្រុកនិងជាតំបន់ព្រៃជ្រៅដែលមានព្រៃស្តុកខ្ពស់ក្រាស់ឃ្មឹកកម្រមានមនុស្សទៅដល់ណាស់។ ភ្នំពីសជាតំបន់គ្រុនចាញ់ហើយសម្បូរសត្វព្រៃគ្រប់ប្រភេទទាំងអស់។ វាមានភូមិសាស្ត្រល្អថែមទាំងមានកូនភ្នំព័ទ្ធជាព្រំសីមា មើលទៅដូចជាភ្នំដែលដុះផុសចេញពីជ្រលងជ្រោះហើយក៏ជាសមរភូមិពិបាកវាយលុកពីសត្រូវ និងងាយស្រួលការពារ។ ខ្មែរក្រហមបានប្រើប្រាស់ភ្នំពីសជាឃ្លាំងផ្ទុកអាវុធដ៏ធំមួយ។ ប្រជាជនភាគច្រើនលួចខ្សឹបតៗគ្នាថា ភ្នំពីសខ្មែរក្រហមមិនត្រឹមតែលាក់អាវុធនោះទេ ថែមទាំងមានលាក់មាសប្រាក់រាប់តោនផ្សេងទៀត។ កងទ័ពខ្មែរក្រហមយាមល្បាតភ្នំពីសយ៉ាងតឹងរឹងទាំងយប់ទាំងថ្ងៃ។ ជាអកុសលប្រជាជនស្នាក់នៅជាមួយកងទ័ពខ្មែរក្រហមមិនបានយូរប៉ុន្មានផងភ្នំពីសបានក្លាយជាទីលានសមរភូមិប្រយុទ្ធគ្នារវាងខ្មែរក្រហមនិងកងទ័ពវៀតណាម។ កងទ័ពវៀតណាមបានវាយសម្រុកខ្លាំងផ្ទួនៗគ្នាតាំងពីព្រឹករហូតទល់ព្រលប់ត្រឹមតែរយៈពេល ១០ ថ្ងៃបានធ្វើឲ្យកងទ័ពខ្មែរក្រហមបាក់ទ័ពរត់ចូលក្នុងព្រៃអស់ចំណែកឯប្រជាជនវិញភិតភ័យស្លន់ស្លោខ្លាចគ្រាប់មីន គ្រាប់កាំភ្លើង បាននាំគ្នារត់ប្រសេចប្រសាចពាសពេញព្រៃដឹកដៃកូនសំងំតាមផ្ទាំងថ្ម ដើមឈើ តាម​ល្អាង និងក្នុងជ្រោះដើម្បីគេចពីគ្រាប់កាំភ្លើង។ ការប្រយុទ្ធលើកនេះធ្វើឲ្យប្រជាជនរត់កាត់ព្រៃដាច់បាយដាច់ទឹកយ៉ាងវេទនាខ្លោចផ្សារកណ្ដាលព្រៃ។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print