ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៤០នាទី នៅចំ ណុចក្រុមទី១១ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អុឹម សូរិយា ហៅញ៉ក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្រុមទី១១ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៤២ ត.ព្រ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ របស់លោកចាប តុលា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌទី៥ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
ដោយ៖ អរុណរះ