រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាបានចាត់ វិធានការពង្រឹងវិស័យពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការលើកលែងការដាក់កំហិតទៅលើទំនិញមួយចំនួនចាប់តាំងពីរដ្ឋាភិបាលថ្មីចូលកាន់តំណែងកាលពីខែមេសាមក។
ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីថ្ងៃទី១៨ ខែសីហាថា នឹងលើកលែងការ ដាក់កំហិតទៅលើទំនិញនាំចេញមួយចំនួនដូចជា ប្រេង Sesame គ្រាប់ពូជស្ពៃខៀវ និង ប្រេងស្ពៃខៀវ គ្រាប់ផ្កាឈូករ័ត្ន និងប្រេង ផ្កាឈូករ័ត្ន និងកាកសំណល់ប្រេងដែល អាចបរិភោគបានជាដើម។
លោក U Aung Soe អគ្គនាយករបស់ក្រសួងនេះបានមានប្រសាសន៍ថាការលើកលែងទាំងអស់នោះទំនងជាផ្នែកមួយនៃ វិធានការជំរុញការនាំចេញ។ បច្ចុប្បន្ននេះ នៅមានទំនិញប្រហែល១០មុខទៀតប៉ុណ្ណោះ ដែលត្រូវដកចេញពីបញ្ជីដាក់កំហិតនេះ។
ក្រសួងក៏មានគម្រោងអនុញ្ញាតឱ្យផលិតមាសនិងគ្រឿងអលង្ការដ៏មានតម្លៃផ្សេងទៀតត្រូវបាននាំចេញផងដែរ។ ជាងនេះទៅទៀតនោះការត្រួតពិនិត្យច្បាប់ឡើងវិញកំពុងតែស្ថិតក្នុងដំណើរការផងដែរ។
កាលពីដើមខែមុននេះក្រសួងនេះបានអនុញ្ញាតឱ្យនាំចូលទំនិញចំនួន២៦៧មុខ ដែលគ្មានអាជ្ញាប័ណ្ណចាប់ពីខែកញ្ញាឆ្នាំនេះទៅ។ ជាងនេះទៅទៀតនោះក្រុមការងារពាណិជ្ជកម្មអន្តរជាតិបានបង្កើនក្រុមមួយដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងសហគ្រិនក្នុងតំបន់ ដោយមានការ គាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យជាច្រើន ដូចជាគោលនយោបាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុសម្រាប់ពាណិជ្ជកម្មដែលតម្រូវ ឱ្យមានការកែទម្រង់ផងដែរ។
ក្រសួងនេះក៏បានបន្ធូរបន្ថយការដាក់ កំហិតនៅដើមខែកក្កដា តាមរយៈការផ្តល់នូវអាជ្ញាប័ណ្ណនាំចេញនិងនាំចូលសម្ភារ សំណង់ ដើម្បីជំរុញវិស័យសាងសង់របស់ប្រទេសនេះដែរ។
រដ្ឋាភិបាលថ្មីនេះបានប្រកាសពីគោលនយោបាយសេដ្ឋកិច្ចនៅចុងខែកក្កដា ដែលជួយបង្កើនវិស័យកសិកម្ម បសុសត្វ និងវិស័យឧស្សាហកម្មផងដែរ។
លោក U Than Myint រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានសន្យាកាលពីខែមេសាថា ក្រសួងនេះនឹងដាក់គោលដៅជំរុញការនាំចេញឱ្យបាន៣ដងហើយបានបញ្ជាក់ទៀត ថាការធ្វើឱ្យប្រសើរឡើងនៃការនាំចេញ និងការធ្វើឱ្យប្រសើរឡើងនៃការផលិតគឺជាដំណោះស្រាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ៕
ដោយ៖ រ័ត្ន