ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ Tania Meyer នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២(HEIP2) ដោយមានការចូលរួមពី លោក Cristian Aedo, អ្នកគ្រប់គ្រងប្រតិបត្តិ សម្រាប់ការអប់រំ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។
គម្រោងកែលម្អការអប់រំឧត្តមសិក្សា(HEIP)រៀបចំឡើង ក្នុងគោលបំណង កែលម្អគុណភាព និងភាពឆ្លើយតបនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកសិកម្មនៅតាមគ្រឹះស្ថានឧត្តមសិក្សាគោលដៅ និងការកែលម្អប្រព័ន្ធអភិបាលកិច្ចនៃអនុវិស័យឧត្តមសិក្សា ដែលគម្រោងមានរយៈពេលអនុវត្ត ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។
គម្រោងនេះផ្តល់ការគាំទ្រដល់៖ ១). គ្រឹះស្ថានឧត្តមសិក្សាសាធារណៈគោលដៅចំនួន៥ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង ២). គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ៣). អគ្គនាយកដ្ឋានឧត្តមសិក្សា និង ៤). គ្រឹះស្ថានឧត្តមសិក្សាឯកជន។
បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍របស់លោកស្រីនាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជារួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍនានា ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេក ទេស និងហិរញ្ញវត្ថុ ក្នុងការធ្វើកំណែទម្រង់អនុវិស័យឧត្តមសិក្សា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ដូចជាគម្រោង (HEIP2) នេះផ្ទាល់ ដោយបានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជួយគាំទ្រដល់សាកលវិទ្យាល័យរដ្ឋ និងឯកជននៅភ្នំពេញ និងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រព័ន្ធមួយសម្រាប់សាកលវិទ្យាល័យ ក្នុងការទំនាក់ទំនង និងសហការគ្នាបន្ថែម ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសលើគុណភាពអប់រំកម្រិតឧត្តមសិក្សា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍៖
– បន្តពង្រីកការអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) តាមរយៈធ្វើទំនើបកម្មកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ
– ពង្រឹងវិធីសាស្ត្របង្រៀននិងរៀន ដូចជាការរៀនតាមការពិសោធន៍ រៀនតាមបែបសតវត្សទី២១ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង(AI) ក្នុងការបង្រៀននិងរៀន
– រៀបចំវិធីសាស្ត្រវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតាមរយៈការវាយតម្លៃលើការអនុវត្តជាក់ស្តែង និងការវាយតម្លៃបែបនវានុវត្តន៍
– ការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយបានលើកឡើងថា (AI) នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់
-ក្រៅពីជំនាញបច្ចេកវិទ្យា និង(AI) ក៏ត្រូវពង្រឹងជំនាញដែលមានស្រាប់ ដូចជា ជំនាញកសិកម្ម ឬវិស្វករផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ
– លើកទឹកចិត្តដល់សាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធ បន្តការស្រាវជ្រាវ ស្វែងរក និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីជួយគាំទ្រដល់ការកែលម្អគោលនយោបាយក្រសួងអប់រំ
– បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត និងការអនុវត្តកម្មវិធីភាពជាដៃគូនៃការអប់រំរវាងគ្រឹះស្ថានឧត្តមសិក្សា និងសាលាមធ្យមសិក្សា។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងលើក ទឹកចិត្តដល់ធនាគារពិភពលោក និងអ្នកពាក់ព័ន្ធ បន្តគាំទ្រដល់ការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានទៅសម្រេចគោលដៅ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ និងគាំទ្រការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២នេះ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕