ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីដោយ លោក លោកស្រីសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្តើម លោក ឆេង ជីរ៉ាត់ សមាជិកអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥ ជូនអង្គពិធី។
នៅក្នុងសន្និបាតនោះដែរ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ,ប្រធានគណៈកម្មាធិការគណបក្សក្រុង, ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកព្រះស្តេច ឃុំអូដំបង១ ឃុំនរា បានធ្វើបទអន្តរាគមន៍ដើម្បីជាធាតុចូល ស្តីអំពីបញ្ហាប្រឈមនានា និងអនុញ្ញាតសុំជាមតិយោបល់ពីប្រធានគណៈអធិបតី។
អញ្ជើញមានប្រសាសន៍នាឱកាសនេះ លោក សុខ លូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ ក្នុងខេត្តបាត់ដំបង ដែលបានរួមសហការ សាមគ្គីគ្នាយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ខិតខំអនុវត្ត គោលការណ៍ គោលនយោបាយ សេចក្តីសម្រេច នានារបស់គណបក្សឱ្យសម្រេចបានលទ្ធផលការងារនានាជាច្រើន ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។
លោក សុខ លូ បានជំរុញលើកទឹកចិត្ត លោក លោកស្រី មន្ត្រីគណបក្សត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយបានកាន់តែប្រសើរ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ហើយផ្តល់ភាពសុខដុមរមនាជូនបងប្អូនប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា