ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមទាំងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនយោបាយ។
ការថ្លែងបែបនេះរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែរលឿនទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយគ្រោះថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ រួមមាន ជម្លោះប្រដាប់អាវុធ, ការលំបាកក្នុងការស្វែងរកការធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន, ការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណីជាដើម។
លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា បញ្ហាទាំងនេះក៏បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន ,អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ, ហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ ពិសេសភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលកំពុងឃ្លាតចេញពីគន្លងច្បាប់អន្តរជាតិបាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងការចុះខ្សោយនៃស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្តលើសកលភាវូបនីយកម្ម។
ក្នុងសន្និបាតនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើពិភពលោកនឹងកំណត់អំពីការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលទៅលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាជាមិនខាន។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រនយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។
លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ កម្ពុជាត្រូវខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ព្រមទាំងបត់បែនគ្រប់ឧបសគ្គ ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិ។
ឆ្លើយតបនឹងបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តី នឹងដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤៖ (ទី១).ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណ និងអំណាចកណ្តាល និងនិន្នាការធំៗនៃពិភពលោក, (ទី២).បញ្ហាប្រឈម និងកាលានុវត្តភាពនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ាន និងជាពិសេសកម្ពុជា, (ទី៣).បញ្ហាប្រឈមចំពោះការធានាប្រសិទ្ធភាពក្នុងការបំពេញការទូតរបស់កម្ពុជា និងកំណែទម្រង់ចាំបាច់ និង(ទី៤).ការពិនិត្យកែសម្រួលការងារធំៗទាំង៥ ដែលក្រសួងបានប្រើប្រាស់ជាត្រីវិស័យសម្រាប់អនុវត្តអស់ពេលច្រើនឆ្នាំមកហើយ៕
ដោយ ៖ សិលា