ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងលើកទឹកចិត្តដល់យុវជន ចូលរួមជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)។ យុវជនជាអនាគតអ្នកដឹកនាំបន្តវេនរបស់យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹង ពាក់ព័ន្ធនឹងការវិវត្តទៅអនាគតរបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ទោះបីសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្ដី ប៉ុន្ដែការរងផលប៉ះពាល់នៃសេដ្ឋកិច្ចកម្ពុជា តាំងតែពីវិបត្តិកូវីដ-១៩ រហូតមកដល់វិបត្តិសង្គ្រាមតាមបណ្ដាប្រទេសនៅលើពិភពលោក ក៏បានបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានៅឡើយ។ ដូច្នេះហើយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវកត្តាសុខសន្ដិភាព ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត។
-សម្ដេចធិបតី ថ្លែងថា ចង់ឱ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ មានការពិភាក្សាផុសផុលលើវិស័យអាទិភាពមួយចំនួន ដែលជាអាទិភាពសំខាន់របស់កម្ពុជា រួមមានវិស័យកំណើនថ្មី, ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ( LDC) និងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចតូច មធ្យម ជាដើម។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលរងចាំមើលលទ្ធផលនៃវេទិកា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ដើម្បីទទួលបានធាតុចូល ដាក់ចូលមកកែសម្រួលលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានការខ្វះចន្លោះ ពីព្រោះរាជរដ្ឋាភិបាលមិនអាចដឹងគ្រប់រឿងនោះទេ ដូច្នេះ គឺទាមទារមានករគាំទ្រ និងចូលរួមពីគ្រប់វិស័យទាំងអស់។
-សម្ដេចធិបតី ថ្លែងស្នើដល់អង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ពិភាក្សាលើចំណុចចំនួន ៤ ក្នុងនោះមានដូចជា ១.កំណត់ និងអភិវឌ្ឍលើវិស័យដែលជា ប្រភពកំណើនថ្មី ជាពិសេសឧស្សាហកម្មយុទ្ធសាស្ត្រដែលលេចឡើងថ្មីៗ, ២.ការត្រៀមលក្ខណៈចាក ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា, ៣.សិក្សារៀបចំអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ៤.ការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមរយៈការជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ។
-សម្ដេចធិបតី ថ្លែងថា ទោះបីជាគោលនយោបាយរបស់យើងខិតខំសំយោគ ដាក់ចេញមកល្អយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែវានឹងមានការប្រែប្រួលអាស្រ័យ ទៅលើបញ្ហាសេដ្ឋកិច្ចសាកល ដូច្នេះទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ។
-សម្ដេចធិបតី ថ្លែងថា ពេលនេះកំណើននៃការទិញអចលនទ្រព្យ ទិញផ្ទះ មានការកើនឡើងវិញ ប៉ុន្ដែការកើនឡើងពេលនេះខុសគ្នា ពីការកើនឡើងកាលពីមុនវិបត្តិកូវីដ-១៩ គឺកើនឡើងដោយមានភាពច្បាស់លាស់ ទោះបីជាការកើនឡើងតិចតួចក្ដី។
-សម្តេចធិបតី ថ្លែងណែនាំដល់ស្ថាប័នដែលធ្វើគោលនយោបាយនានា ត្រូវផ្អែកលើវិទ្យាសាស្រ្ត មិនត្រូវផ្អែកទៅលើអារម្មណ៍ ដូច្នេះការស្រាវជ្រាវ និងការប្រមូលវិភាគឱ្យបានច្បាស់ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នដែលទទួលខុសត្រូវគឺជាកិច្ចការសំខាន់។
-សម្ដេចធិបតី ហ៊ុន ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ អាទិភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈ យុទ្ធសាស្ត្រដោយឈរលើគោលការណ៍២ សំខាន់ៗ គឺ៖ ទី១៖ បន្តថែរក្សាឱ្យបាន នូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងទី២៖ បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ, រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង, ពាក់ព័ន្ធនឹង «កម្មវិធីគោលនយោបាយអាទិភាព ៦» និង «វិធានការគន្លឹះទាំង ៥», រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និង វាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
-ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់, រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅ ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ – ២០២៨» ដោយផ្តោតលើសសរស្តម្ភ ៣ សំខាន់ៗ៖ ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ, ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន៕
ដោយ៖តារា