ភ្នំពេញ៖ លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះថា ម្ដងនេះក្រុមអនាមិកបានយករូបវ៉ាលិសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាត់ត ហើយបង្ហោះលក់ ប៉ុន្តែ Tag នេះមិនស្ថិតនៅកម្ពុជានោះទេ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះ បានលើកឡើងថា៖ ជាថ្មីម្ដងទៀត អាកាសចរស៊ីវិលកម្ពុជា បានប្រកាសច្រានចោលព័ត៌មានមិនពិតដែលបានបង្ហោះលក់វ៉ាលិសនៅលើបណ្ដាញសង្គម ក្នុងតម្លៃថោកៗត្រឹមតែជាង ៨០០០ រៀល។ ការណ៍នេះបានធ្វើឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។
លោក ស៊ីន ចាន់សេរីវត្ថា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ការចុះផ្សាយព័ត៌មានមិនពិតម្ដងហើយម្ដងទៀត ទំនងមានគោលបំណងទុច្ចរិតអ្វីមួយ ដើម្បីធ្វើឱ្យខូចមុខមាត់កម្ពុជា និងជះឥទ្ធិពលដល់វិស័យទេសចរណ៍»។
គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានក្រុមអនាមិកបានប្រើឈ្មោះ ផេក Phnom Penh Airport ហើយបង្ហោះខ្លឹមសារ អមជាមួយរូបភាពថា៖ « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក់ឥវ៉ាន់ដែលបាត់ត្រឹមតែ ៨,៣៥៩ រៀល ជារៀងរាល់ឆ្នាំ ឃ្លាំងនៅអាកាសយានដ្ឋានភ្នំពេញកកកុញនូវវ៉ាលិសដែលបាត់ ឬភ្លេចជាច្រើន ដែលអាកាសយានដ្ឋានអាចបោះចោលបន្ទាប់ពីរក្សាទុកបាន ៦ ខែ»៕ដោយ៖តារា