រឿង រស្មីពន្លឺក្រោមដំបូលមេឃនៃភពងងឹត (តចប់)

ចែករំលែក៖

* បទពិសោធន៍របស់ អ៊ុន វណ្ណា
កាលនោះ ខ្ញុំទើបតែអាយុ ១១ ឆ្នាំ នៅក្នុងថ្ងៃដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមបានបណ្ដេញខ្ញុំ និងក្រុមគ្រួសារចេញពីទីក្រុងភ្នំពេញ ហើយយើងបានធ្វើដំណើរទៅដល់ព្រែកព្នៅ។ នៅពេលនោះខ្មែរក្រហមបានដុតផ្ទះគ្រប់ខ្នងឆេះរៀបដល់ដីហុយផ្សែងអ័ព្ទពាសពេញផ្ទៃមេឃ។ បន្ទាប់មកកងទ័ពខ្មែរក្រហមបណ្ដេញគ្រួសាររបស់ខ្ញុំឲ្យចូលទៅព្រៃជ្រៅ ហើយចេញបញ្ជាឲ្យពួកយើងកាប់ឆ្ការដីបង្កបង្កើនផលនៅភូមិជ្រៃមួយរយៈពេល។
លុះដល់ឆ្នាំ ១៩៧៦ អង្គការបានបញ្ជូនគ្រួសាររបស់ខ្ញុំបន្តទៅកាន់ខេត្តពោធិ៍សាត់ទៀត ដោយឲ្យយើងធ្វើដំណើរថ្មើជើងរយៈពេលជាងមួយខែ ទើបមកដល់ទីរួមខេត្តហើយយើងក៏ធ្វើដំណើរបន្តទៅកាន់ស្រុកអូររំចេក។ អង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការបង្កបង្កើនផលនៅតាមកងកុមារធ្វើការងារដូចជា ដើររើសអាចម៍គោ កាត់ទន្ទ្រានខេត្រធ្វើជី និងឃ្វាលគោក្របី ដោយមានយាយៗចំនួន ៣ នាក់ចាំយាមពួកយើង។ក្នុងរយៈពេលមួយឆ្នាំទៅនោះទាំងការរស់នៅ និងការហូបចុករបស់ខ្ញុំមានលក្ខណៈធម្មតា។ ខ្មែរក្រហមមិនសូវធ្វើទុក្ខបុកម្នេញបង្អត់អាហារដល់កុមារទេ។
នៅដល់ឆ្នាំ ១៩៧៨ ខ្ញុំ និងក្រុមគ្រួសារបានផ្លាស់មកនៅភូមិមួយទៀតក្នុងខេត្តពោធិ៍សាត់ដដែល។ ខ្ញុំមានអារម្មណ៍សង្វេគណាស់ពេលទៅដល់នោះ។ នៅក្នុងភូមិមានផ្ទះ តែអត់មនុស្សនៅមានផ្លូវតែអត់មនុស្សដើរ។ ផ្ទះទាំងល្វែងមើលទៅដាច់កន្ទុយភ្នែកតែគ្មានមនុស្សរស់នៅទេ។ប្រជាជនថ្មីដែលជម្លៀសមកទីនេះបានស្លាប់ស្ទើរតែទាំងអស់និងគ្មានអាហារហូបចុកគ្រប់គ្រាន់។
នៅទីនោះ ខ្ញុំត្រូវបានអង្គការចាត់ឱ្យទៅជីកប្រឡាយជាមួយនឹងប្រជាជនផ្សេងទៀតប្រវែង ១០ម៉ែត្រឲ្យរួចក្នុងរយៈពេលមួយខែ។ ថ្ងៃខ្លះយើងជីកប្រឡាយរហូតដល់ម៉ោង ១០ យប់ក៏មានដែរ ព្រោះយើងខ្លាចធ្វើការមិនទាន់ឲ្យអង្គការ ហើយត្រូវទទួលទារុណកម្ម។ ចំណែកឯការហូបចុកវិញ អង្គការបានបែងចែកតាមកងជាក្រុមតូចៗមានគ្នា ៥នាក់ហើយបាយនោះចែកជាពំនូក។ ពេលខ្លះយើងបានបាយហូបជាមួយអំបិល ពេលខ្លះក៏អត់យើងហូបមិនសូវឆ្អែតទេ។ពេលទំនេរចន្លោះម៉ោងសម្រាកពីការងារ ខ្ញុំតែងលួចចេញទៅខ្វេះក្តាម ខ្ចៅ ខ្យង ចាប់កង្កែបនិងកូនក្អាត់មកហូបបន្ថែម។ ពេលខ្លះខ្ញុំបានលួចទៅស្ទូចត្រីមកអាំងហូបបន្ថែមដើម្បីបំពេញកម្លាំង។
* បទពិសោធន៍របស់ ផេង
នៅក្នុងរបបខ្មែរក្រហមការរស់នៅរបស់ខ្ញុំមិនសូវជួបការលំបាកប៉ុន្មានទេ។ កាលនោះខ្ញុំមានអាយុ 10 ឆ្នាំខ្ញុំ និងក្រុមគ្រួសារត្រូវខ្មែរក្រហមជម្លៀសចេញពីភ្នំពេញទៅខេត្តក្រចេះ។យើងដើរដោយថ្មើរជើងអស់រយៈពេលច្រើនខែទើបបានដល់ខេត្តក្រចេះ។ នៅទីនោះឪពុករបស់ខ្ញុំឈ្មោះ ហ៊ុយ ដែលជាជនជាតិចិនត្រូវអង្គការចាត់ឱ្យនៅធ្វើការក្នុងក្រុមមនុស្សចាស់ ជាមួយម្ដាយរបស់ខ្ញុំ ដើម្បីធ្វើកន្ទេលនិងកញ្ជើ៊។ ពេលនោះខ្ញុំនៅក្មេងត្រូវបានអង្គការយកទៅដាក់ក្នុងកងកុមារឲ្យដើររើសអាចម៍គោ និងកាត់ទន្ទ្រានខេត្រយកទៅធ្វើជី។ មេកងនៅផ្ទះបាយស្រឡាញ់ខ្ញុំណាស់ ព្រោះខ្ញុំពូកែសម្ដី ហើយខ្ញុំតែងតែមានអាហារហូបគ្រប់គ្រាន់។ ពេលទំនេរពីការងារខ្ញុំតែងតែដើរស្ទូចត្រីចាប់ក្តាម ខ្យង ហូបបន្ថែមទៀត។
ព្រឹកខ្លះ ខ្ញុំបានស្ម័គ្រចិត្តទៅដេញចាបជាមួយមិត្តក្នុងកងសប្បាយដែរ។ ខ្ញុំសំណាងណាស់បងប្អូនរបស់ខ្ញុំមិនត្រូវបានខ្មែរក្រហមសម្លាប់ទេ ថែមទាំងយើងទទួលបានការហូបចុកគ្រប់គ្រាន់ទៀតផង។ អ្វីដែលយើងលំបាកនោះគឺប្រឈមមុខនឹងជំងឺគ្រុនចាញ់នៅក្នុងតំបន់នោះ។ប្អូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់ដោយសារតែជំងឺគ្រុនចាញ់ ហើយយើងគ្មានថ្នាំព្យាបាលទាន់ពេលវេលា ។
* បទពិសោធន៍របស់ឈិត ណេត
ខ្ញុំធ្លាប់ធ្វើជាកងទ័ពខ្មែរក្រហម ហើយស្ទើរតែបាត់បង់ជីវិតពេលដែលខ្ញុំប្រឆាំងនឹងអង្គការ។ ខ្ញុំគឺជាកសិករម្នាក់នៅខេត្តកំពង់ធំ។ នៅឆ្នាំ ១៩៧០ តំបន់របស់ខ្ញុំត្រូវបានខ្មែរក្រហមចូលមកកាន់កាប់ ហើយពេលនោះមានពូៗមួយក្រុម បានមកផ្ទះរបស់ខ្ញុំ ដើម្បីហៅឲ្យចូលរួមធ្វើបដិវត្តន៍ជាមួយពួកគេ។ខ្ញុំបានចូលធ្វើកងទ័ពទាំងបង្ខំ។ ខ្មែរក្រហមបាននាំខ្ញុំ និងអ្នកភូមិជាច្រើននាក់ទៀតទៅចូលរៀនពីបដិវត្តន៍ ដោយនិយាយលើកសរសើរពីអង្គការ ព្រមទាំងបានបណ្ដុះបណ្ដាស្មារតីឲ្យស្មោះត្រង់នឹងអង្គការតែមួយគត់ ដោយឲ្យយើងបំភ្លេចប្ដីប្រពន្ធកូន និងសាច់ញាតិបងប្អូន។ ខ្មែរក្រហមបានបង្រៀនខ្ញុំឲ្យចេះបាញ់កាំភ្លើងទៀតផង។
ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៦ ខ្ញុំនៅមានអាហារបរិភោគគ្រប់គ្រាន់នៅឡើយ។ ប៉ុន្តែចូលដល់ឆ្នាំ ១៩៧៧ ខ្ញុំហូបតែបបរទេទោះបីជាខ្ញុំធ្វើជាកងទ័ពខ្មែរក្រហមក៏ដោយ។ ដោយសារតែភាពអត់ឃ្លាន ខ្ញុំបាននាំគ្នាប្រឆាំងអង្គការរហូតដល់អង្គការមានបំណងបញ្ជូនខ្ញុំទៅឃុំឃាំងនៅមន្ទីរស២១(គុកទួលស្លែង) ។ នៅពេលកងទ័ពវៀតណាមវាយចូលមក កងទ័ពខ្មែរក្រហមបានជម្លៀសខ្ញុំទៅជាមួយហើយដល់ពាក់កណ្ដាលផ្លូវ កងទ័ពវៀតណាមបានចាប់ខ្លួនខ្ញុំទុក។មួយឆ្នាំក្រោយមក ទើបបានកងទ័ពវៀតណាមដោះលែងខ្ញុំឲ្យមានសេរីភាពវិញ។
ខ្ញុំជាមនុស្សម្នាក់ដែលសំណាងបំផុតក្នុងចំណោមអ្នកប្រឆាំងអង្គការទាំងអស់នោះដែលរួចជីវិតមកដល់សព្វថ្ងៃ៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print