ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកនិងរថយន្ដប្រភេទធំហុីយ៉ានដាយមួយគ្រឿងត្រង់ផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបង្កឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លើមហាវិថីឌីប៉ុក កែងផ្លូវ៣០ម៉ែត្រក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មាន ឈ្មោះ ឃួន សាវឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអង្គខ្ជាយខាងត្បូង ឃុំដាន់គោម ស្រុកអង្គរជ័យ ខេត្តកំពត បានបោកក្បាលស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើកបររថយន្ដមានឈ្មោះអ៊ឹម ច័ន្ទរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំត្រូវបានឃាត់ខ្លួន។
តាមព័ត៌មាននៅកន្លែកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហុីយ៉ានដាយមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ បើកបរដោយបុរសម្នាក់ធ្វើដំណើតាមផ្លូវឌឺប៉ុក ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់កន្លែងកើតហេតុកែងផ្លូវ៣០ម៉ែត្រ មានម៉ូតូ០១គ្រឿងម៉ាកហុងដាសង់ឌ្រីមC125 ពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ 1 AA- 9936 ជិះដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកបុករថយន្តពេញទំហឹងចំចំហៀងខាងស្តាំបណ្តាលអោយបោកក្បាលស្លាប់នៅកន្លែង។បន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើកបររថយន្តនិងព្រូម្នាក់បានព្យាយាមបើកគេចរហូតមកដល់បុរីពិភពថ្មីឈូកវ៉ា១ប្រមាណជាង១គីឡូម៉ែត្រត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន។
បច្ចុប្បន្ន អ្នកបើកបរនិងព្រូព្រមទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះទៅវាស់វែងបញ្ជូនទៅកាន់ការិយាល័យចររាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារអ្នកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ