លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Busadee Santipitak នាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS)

ចែករំលែក៖

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ បានអនុញ្ញាតឱ្យលោកស្រី Busadee Santipitak នាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) ដែលទើបតែចូលកាន់មុខតំណែងថ្មី ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងនូវការអបអរសាទរ ជូនចំពោះលោកស្រី Busadee Santipitak ដែលទើបតែទទួលតំណែងជានាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សម្រាប់អាណត្តិរយៈពេល ៣ឆ្នាំ (២០២៥-២០២៧) ហើយជានាយិកាប្រតិបត្តិជាស្ត្រីលើកដំបូង ក្នុងប្រវត្តិរបស់គណៈកម្មការទន្លេមេគង្គ។
លោករដ្ឋមន្ត្រី ក្នុងនាមជាសមាជិកក្រុមប្រឹក្សា និងប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចសហការជាមួយប្រទេសជាសមាជិក ក៏ដូចជាប្រទេសជាដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូមេគង្គពាក់ព័ន្ធនានា ក្នុងការអនុវត្តបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសតាមដងទន្លេមេគង្គ ដើម្បីដោះស្រាយនូវហានិភ័យ និងផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលជាក្ដីបារម្ភកាន់តែខ្លាំងសម្រាប់ប្រទេស និងប្រជាជនក្នុងអាងទន្លេ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសំណូមពរឱ្យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បន្តយកចិត្តទុកដាក់តាមដានឱ្យបានដិតដល់នូវស្ថានភាពអាងទន្លេ ធនធានក្នុងអាង និងធ្វើការជូនដំណឹងដល់ប្រទេសតាមដងទន្លេជាប្រចាំ និងទាន់ពេលវេលា ជាពិសេសអំពីហានិភ័យនៃទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីឱ្យប្រទេសជាសមាជិកចាត់វិធានការសមស្របក្នុងការត្រៀមបង្ការ ការគ្រប់គ្រង និងការកាត់បន្ថយផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print