ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មិនាខួបលើកទី ១១៤ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយនឹងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងផែនការនៅទីស្តីការ ក្រសួង នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខ ទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់លោកប៊ិន ត្រឈៃ ដែលបានដឹកនាំក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមាន ៖ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងប្រជាជន ការតាមដានអត្រាកំណើនសេដ្ឋកិច្ចជាតិ និងអតិផរណា ដែលជាការងារជំនាញស្មុគស្មាញ ទាមទារសមត្ថភាពខ្ពស់ និងឆន្ទៈការងារហ្មត់ចត់ អត់ធ្មត់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកស្រីទៀង សិតពិសី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងផែនការ និងលោកស្រី ហង់ លីណា ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងផែនការ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខា សមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែលជាសេនាធិការឲ្យក្រសួង ផែនការសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូននារីទាំងអស់នៃក្រសួងផែនការ នឹងយកស្មារតីថ្ងៃ៨មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍសមាគមផង អភិវឌ្ឍខ្លួនឯងផង ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែប្រសើរ៕