កីឡាករ Brahim Diaz រកបានគ្រាប់បាល់ឈ្នះយ៉ាងអស្ចារ្យ ដើម្បីផ្តល់ឱ្យ Real Madrid មានប្រៀបជាងគូប្រជែងក្នុងទីក្រុងជាមួយគ្នាគឺ Atletico Madrid ២ទល់១ ក្នុងការប្រកួតជើងទីមួយ Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ មីនានេះ។
Rodrygo បានជួយឱ្យម្ចាស់ផ្ទះនាំមុខក្នុងរយៈពេល៤នាទីនៅ Bernabeu នៅពេលដែលគាត់បានស៊ុតបាល់កាត់ Javi Galan ហើយបាល់ចូលទីផុតដៃអ្នកចាំទី Jan Oblak។ ប៉ុន្តែ Atletico Madrid បានវាយបកតាមស្មើវិញយ៉ាងឆាប់រហ័សនៅនាទី៣២ ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Julian Alvarez ញាក់ផុតខ្សែការពារ Eduardo Camavinga ហើយស៊ុតបញ្ចូលទីបានសម្រេច។
នេះគឺជាគ្រាប់ទី៧របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ក្នុងការបង្ហាញខ្លួន៩ដងក្នុងការប្រកួតនៅរដូវកាលនេះ ប៉ុន្តែ Diaz ដែលជាអតីតកីឡាកររបស់ក្រុម Manchester City បានរកគ្រាប់បាល់ជ័យជម្នះនៅក្នុងការប្រកួតអគ្គិសនី Madrid Derby នាពេលនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានញាក់ផុតខ្សែការពារ Jose Gimenez របស់ Atletico ខណៈដែលគាត់បានបណ្តើរបាល់យ៉ាងប៉ិនប្រសប់ចូលទៅក្នុងប្រអប់ទី និងស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី៥៥។
ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានឈានជើងឡើងក្នុងជម្រើស១១នាក់ ពេលអវត្តមាន Jude Bellingham ដោយកីឡាករអន្តរជាតិអង់គ្លេសបានជាប់ពិន័យមួយប្រកួតបន្ទាប់ពីទទួលបានកាតលឿងទី៣របស់គាត់ក្នុងការប្រកួតទល់នឹង Manchester City កាលពីដើមខែនេះ។
Bellingham នឹងអាចនឹងបង្ហាញខ្លួនឡើងវិញសម្រាប់ក្រុមការពារតំណែងជើងឯកអឺរ៉ុបនៅពេលដែលពួកគេធ្វើដំណើរដ៏ខ្លីទៅកាន់ Riyadh Air Metropolitano សម្រាប់ការប្រកួតជើងទី២នៅថ្ងៃទី១២ ខែមីនា ដោយក្រុមដែលឈ្នះទំនងជាត្រូវប្រឈមមុខនឹងក្រុម Arsenal នៅវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីការលត់ក្រុម PSV ជើងទីមួយ ៧-១ នៅ Eindhoven៕ (រូបភាព ៖ BBC/CNA)