ភ្នំពេញ ៖ រឿងអំពើហិង្សាវាយលោកតាសុីក្លូកាលពីយប់មិញ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌ៧មករា បាននាំខ្លួនបុរសដៃដល់ដើម្បីធ្វើការសួរនាំ និង ឲ្យសុំទោសលោកតាសុីក្លូជាសាធារណៈ និង សងសំណងទៅលោកតា ដើម្បីបញ្ជប់រឿង។
សូមរំលឹកថា ករណីអំពើហិង្សារវាងលោកតាធាក់សុីក្លូ ជាមួយបុរសម្នាក់ ដោយសារទាស់ពាក្យសំម្តី ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងផ្សារឌុយមិច ផ្លូវ១០៩ ក្បែរស្តុបសុកហុក សង្កាត់ អូរឫស្សី ខណ្ឌ៧មករារា ជធានីភ្នំពេញ។
តាមការបញ្ជាក់ពីបុរសវ័យក្មេងបានបញ្ជាក់ថា មុនឈានដល់ប្រើអំពើហិង្សាដែលរូបខ្លួនបានវ័យទៅលើលោកតាវ័យ៧០ឆ្នាំដែលធាក់សុីក្លូ គេងតាមផ្លូវនោះ ក៏ដោយសារលោកតាគាត់ឈ្លើយ ឈ្លើយម៉ង តមាត់ចុះតមឆត់ឡើងជាមួយរូបខ្លួន តាឈ្លើយគឺវាយហើយ។
ចំណែកលោកតាសុីក្លូបាននិយាយថា រូបគាត់មិនបានទៅនិយាយអ្វីជាមួយបុរសនោះធ្ងន់ធ្ងរអ្វីនោះទេ នៅលើសុីក្លូសុខៗស្រាប់តែបុរសវ័យក្មេងនោះមកវាយគាត់តែម្តង ត្រូវក្បាលចំនួន២ដៃ។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រួចតេស្តស្វែងរកសារធាតុញៀន តែមិនមានសារធាតុញៀននោះទេ ទើបសម្រេច ឲ្យជនដៃដល់សុំទោសលោកតាសុីក្លូជាសាធារណៈ និងសងសំណងទៅលោកតាសុីក្លូ ដើម្បីបញ្ជប់រឿង ហើយលោកតាសុីក្លូក៏យល់ព្រមតាមការដោះស្រាយពីសមត្ថកិច្ច ។
អំពើហិង្សាជាអំពើដែលមនុស្សស្អប់ខ្ពើម ជាអំពើដែលសង្គមស្អប់ខ្ពើម ជាអំពើដែលខុសច្បាប់ រាល់បញ្ហាសូមយកចំណេះ និង ដោះស្រាយដោយសន្តិវិធី អមជាមួយភាពថ្លៃថ្នូ យោគយល់អាធ្យាស្រ័យ ដោយស្ថិតក្រោមការដឹកនាំច្បាប់៕
ដោយ៖ រ៉ារ៉ា