ខេត្តព្រះសីហនុ÷ យុវជនវ័យក្មេងម្នាក់ បានស្លាប់ទាំងព្រឹកដោយសារជិះម៉ូតូបុកពីក្រោយរថយន្តស្ទូច ថយចូលកន្លែងចត។ យុវជនរងគ្រោះត្រូវបានដឹកបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់នៅមន្ទីរពេទ្យ។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៦និង ៥០នាទីព្រឹក លេីផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតស្ថានីយ៍ប្រេងកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាង រថយន្តស្ទូច ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស-ខៀវ បេីកបរដោយឈ្មោះ ចាន់ វិណាង ភេទ ប្រុស ឆ្នាំកំណើត១៩៩៣ មុខរបរ រថយន្ដស្ទូច មានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បានបេីកបររថយន្ដចេញពីកន្លែងចត ឡេីងមកផ្លូវជាតិលេខ៤ ឈប់រង់ចាំចូលចតកន្លែងដេីមវិញ ភ្លាមៗនោះក៏មានម៉ូតូ១គ្រឿងម៉ាក HONDA C125 ពពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ហួន សោភា ភេទ ប្រុស ឆ្នាំកំណើត២០០៨ មុខរបរ កម្មករលក់ត្រី មានទីលំនៅភូមិជុប ឃុំជុប ស្រុក-ខេត្តត្បូងឃ្មុំ មានទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះទៅ ក្រុងកំពង់សោម បានបុកពីខាងក្រោយចំហៀងខាងឆ្វេងរថយន្ដស្ទូចតែម្តង ។
ហេតុការណ៍នេះបណ្តាលឲ្យរងរបួសធ្ងនម្នាក់អ្នកបើកបរម៉ូតូ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នសាកសពជនរងគ្រោះបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅខេត្តត្បូងឃ្មុំ ។
ចំណែកអ្នកបេីកបររថយន្ដស្ទូចបាននាំខ្លួនមកសាកសួរ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដេីម្បីបន្តនីតិវិធីនិងធ្វើតេស្តជាតិស្រវឹង ហើយជាលទ្ធផល គឺអវិជ្ជមាន។ រីឯវត្ថុតាង រថយន្ដ និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបណ្តោះអាសន្ន៕