រឿង ភូមិខ្ញុំក្នុងសម័យប៉ុលពត

ចែករំលែក៖

* ជ័យជម្នះ ១៧ មេសា
សម័យកម្ពុជាប្រជាធិបតេយ្យឬ សម័យប៉ុលពត បានក្តោបក្តាប់អំណាចនយោបាយនៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ បន្ទាប់ពីយកជ័យជម្នះដោយប្រើអាវុធប្រយុទ្ធបង្ហូរឈាមលើសមរភូមិពេញផ្ទៃប្រទេស ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយសេនាប្រមុខ លន់ នល់ ។
បន្ទាប់ពីទទួលបានជ័យជម្នះភ្លាម រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានលុបចោលរបៀបរបបគ្រប់គ្រងនយោបាយពីសង្គមចាស់ ហើយរៀបចំចាត់ចែងរចនាសម្ព័ន្ធគ្រប់គ្រងអំណាចគ្រប់លំដាប់ថ្នាក់សាជាថ្មី។សមាសភាពនៃអ្នកដឹកនាំមូលដ្ឋាន ដូចជា ប្រធានក្រុម ប្រធានកង ប្រធានឈ្លប ប្រធានភូមិ គណៈឃុំត្រូវបានជ្រើសរើសចេញពីគ្រួសារជាកសិករ ឬ កម្មករដែលមានជីវភាពក្រីក្រ។ ពាក្យថាអង្គការគឺសំដៅទៅលើថ្នាក់ដឹកនាំរដ្ឋអំណាចពីថ្នាក់ក្រោមដល់ថ្នាក់លើ។ ពាក្យថាកម្មាភិបាលសំដៅលើសមាសភាពអ្នកកាន់អំណាចកំពូលៗ រួមមានគណៈតំបន់ គណៈភូមិភាគ គណៈមជ្ឈឹមបក្សជាដើម។
ប្រជាជនប្រុសស្រីចាស់ក្មេងនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ ម្នាក់ៗមានទឹកមុខរីករាយញញឹមញញែម ត្រេកអរនិងជ័យជម្នះថ្ងៃ ១៧ មេសា។ សំឡេងគ្បោសនស័ព្ទបានបន្លឺក្តែងៗចេញពីវេទិកាប្រជុំនៅកណ្ដាលវាលស្រែខាងលិចភូមិបន្ទរដោយស្នូរទះដៃប្រាវៗ និងសម្រែកជ័យឃោសយ៉ាងកងរំពង* ជយោ! ថ្ងៃជ័យជម្នះ១៧ មេសា មហារុងរឿង…ជយោ!ជយោ!ជយោ!
* ជយោ!បដិវត្តន៍កម្ពុជាដ៏មហិមា..ជយោ!ជយោ!ជយោ!
ជយោ! វណ្ណៈកសិករ វណ្ណៈកម្មករដ៏ក្លាហាន …ជយោ! ជយោ!ជយោ!
* បរាជ័យចក្រពត្តិអាមេរិក និងបរិវារ..បរាជ័យ! បរាជ័យ!បរាជ័យ!
បន្ទាប់ពីកម្មាភិបាលខ្មែរក្រហមដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បង្ក់កក្រមា ពាក់មួកកន្តឹបពណ៌ស្លែ និងពាក់ស្បែកជើងកង់ឡានមានមតិយោបល់ក្នុងអង្គប្រជុំ ហើយស្រែកជ័យឃោសយ៉ាងទ្រហឹងអឺងកងរួច នៅវេលាថ្ងៃជិតត្រង់អង្គប្រជុំត្រូវប្រកាសរំសាយ។
ខ្ញុំ និងក្រុមគ្រួសាររួមទាំងប្រជាជនជាច្រើនកុះករផ្សេងទៀតដើរកាត់វាលស្រែវិលត្រឡប់មកផ្ទះរៀងៗខ្លួន ដោយទឹកមុខស្រស់ស្រាយ សប្បាយរីករាយឥតឧបមា។ ល្ងាចនេះមនុស្សម្នាជួបជុំគ្នាជាក្រុមៗ បួនប្រាំនាក់ៗនៅតាមមុខផ្ទះមានភាពភ្ញៀវខ្ញារីករាយ ខុសប្លែកជាងពេលមុនៗ។
* ការមកដល់របស់ប្រជាជនពីភ្នំពេញ
ក្នុងខែមេសាឆ្នាំ ១៩៧៥ អាកាសធាតុក្តៅហែងស្ទើរឆេះ រុក្ខជាតិស្វិតរញ៉ម ថ្ងៃបណ្ដើរកូនតិចៗ ។ នៅឯវាលស្រែយូរៗម្តងខ្យល់គួចហុយដីទ្រលោម។ ប្រជាជនកម្ពុជាទាំងប្រុសទាំងស្រី ចម្រុះវ័យកំពុងធ្វើដំណើរហូរហែលើទ្រូងផ្លូវជាតិលេខ ៦ ក្នុងទឹកដីស្រុកបារាយណ៍ខេត្តកំពង់ធំ។ អ្នកខ្លះទួល ខ្លះរែក ខ្លះយួរ ខ្លះបណ្ដើរកង់ និងខ្លះធាក់ស៊ីក្លូ ផ្ទុកអីវ៉ាន់រយីងរយោង។ ស្ត្រីពពោះ ស្ត្រីបីកូនតូច ចាស់ជរា និងក្មេងតូចៗធ្វើដំណើរយឺតៗ ហើយយូរៗទើបអាចសម្រាកបានម្ដងក្នុងសភាពហត់ហេវយ៉ាងស្រពាប់ស្រពោន។ អ្នកដំណើរខ្លះបន្តទៅមុខខ្លះបែកចូលតាមផ្លូវទៅកាន់ភូមិអ្នកស្រុកតាមផ្លូវលំពីភូមិជនជាតិចាមត្រពាំងឈូក ចូលទៅកាន់ភូមិបឹង។ មានអ្នកដំណើរបន្តគ្នារដឹកចូលទៅក្នុងភូមិ។
អ្នកដំណើរមកកាន់ភូមិយើងរាល់ថ្ងៃហ្នឹងតើពួកគេមកពីណា?ខ្ញុំសួរទៅកាន់ម្ដាយរបស់ខ្ញុំ។
ម្ដាយរបស់ខ្ញុំឆ្លើយថា អាហេងពួកគេមកពីភ្នំពេញត្រូវអង្គការបដិវត្តន៍ជម្លៀសឲ្យមករស់នៅតាមជនបទស្រុកស្រែចម្ការជាមួយនឹងយើងហ្នឹងណា ។
មិនយូរប៉ុន្មានទេផ្ទះយើងក៏ប្រហែលជាមានអ្នកមកសុំរស់នៅជាមួយដែរហើយ។ ឪពុករបស់ខ្ញុំដែលមានវ័យ ៥៥ ឆ្នាំឆ្លើយបន្ថែម។ គាត់បាននិយាយថា យប់មិញរ៉ាត់យោអាមេរិកាំងបាននិយាយថា
កងយោធាអង្គការបដិវត្តន៍ខ្មែរក្រហម បានបាញ់រះទៅលើអាកាស និងបាញ់សម្លាប់ចោលចំពោះជនណាដែលចចែសរឹងរូសមិនព្រមចាកចេញពីទីក្រុងភ្នំពេញនិងមិនស្ដាប់បញ្ជារបស់អង្គការ។មើលសភាពការប្រទេសជាតិដូចជាមិនស្រួលទេដឹងម៉ែវា! ហើយរាល់យប់មានផ្កាយដុះកន្ទុយនៅទិសខាងលិចទៀតផង តិចស្រុកយើងប្រែប្រួលយ៉ាងម៉េចៗទៅ?
ជារៀងរាល់ថ្ងៃអ្នកចំណូលថ្មីមកកាន់ស្រុកនេះនៅតែបន្តចូលមកកាន់ភូមិបឹងជាបន្តបន្ទាប់។គ្រួសាររបស់ខ្ញុំបានទទួលសមាជិកថ្មីម្នាក់ដែលត្រូវជាសាច់ញាតិរបស់យើងមកស្នាក់នៅជាមួយ។ ឯគ្រួសារនៅខាងលិចផ្ទះរបស់ខ្ញុំនិងផ្ទះគ្រួសារផ្សេងទៀត ក៏ឃើញមានប្រជាជនចំណូលថ្មីមកស្នាក់នៅជាមួយដែរ។ ប្រធានភូមិ និងប្រធានក្រុម បានបែងចែករៀបចំក្រុមចំណាកស្រុកមកពីភ្នំពេញនេះ ឲ្យមានពួក មានក្រុម រស់នៅជាមួយប្រជាជនមូលដ្ឋាន។ភាគច្រើនពួកគេរស់នៅក្រោមផ្ទះសំយាបផ្ទះ សង់ខ្ទមតូចៗ ឬជ្រកនឹងជង្រុកស្រូវរបស់ប្រជាជនមូលដ្ឋាន។ អ្នកទាំងអស់ត្រូវបានអង្គការហៅថា “ប្រជាជនថ្មីឬប្រជាជន ១៧ មេសា”(នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print