ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ៖​ ករណីជនបរទេសក្លែងព័ត៌មាន នាំឱ្យមានការយល់ច្រឡំលើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អំពីករណីជនបរទេសក្លែងព័ត៌មាន នាំឱ្យមានការយល់ច្រឡំលើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រះរាជាណាចក្រកម្ពុជា!

ប្រភពដដែលបន្តថា​ ដោយសង្កេតឃើញថា ថ្មីៗនេះ មានជនបរទេសមួយចំនួនតូច បានព្យាយាមផ្សព្វផ្សាយ ព័ត៌មានមិនពិតអំពីការអនុវត្តការងាររបស់នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ក្នុងនោះរួមទាំង ករណីបុរសបរទេសឈ្មោះ SUN LEI បានថតរូបភាពក្រដាសប្រាក់១០០ដុល្លារអាម៉េរិក ចែកចាយក្នុង បណ្តាញទំនាក់ទំនងសង្គមភ្ជាប់ដោយសារក្លែងថា សម្រាប់ «ថ្លៃទឹកតែមន្ត្រីអន្តោប្រវេសន៍» ពេលមក ដល់កម្ពុជានោះ ក្នុងនាម ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅចំពោះមុខសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បុរសរូបនេះបានទទួលស្គាល់ទោសកំហុស និងបានអះអាងថា ការថត និងសរសេរផ្ញើខ្លឹមសារផ្ទុយការពិតនោះ គឺក្នុងន័យលេងសើចប៉ុណ្ណោះ ដោយខ្លួនក៏មិនបានបង្ហោះផ្សាយជាសាធារណៈ និងក៏បានបញ្ជាក់ទៅដៃគូថាបានមកដល់កម្ពុជាដោយ សុវត្ថិភាពហើយទុកជាអនុស្សាវរីយ៍ ព្រោះនៅប្រទេសចិនខ្លួនកម្របានកាន់ប្រាក់ដុល្លារចាយវាយណាស់។

ទោះជាការលេងសើច ឬបង្កើតមាតិកាក្លែងក៏ដោយ ក្នុងនាម ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ករណីបែបៗនេះ ពុំមែនជាការសម្តែងលើកទីមួយឡើយ ដោយកន្លងទៅ មានជន បរទេសមួយចំនួន បានថតសម្តែងធ្វើជាជនរងគ្រោះក្នុងករណីនេះ ករណីនោះ ខុសពីការពិត ធ្វើឱ្យ មានការភាន់ច្រឡំ ជាពិសេសក្នុងតំបន់ហាមឃាត់ ដើម្បីបម្រើតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ប៉ុន្តែ នាំឱ្យមានការគិតអវិជ្ជមាន និងប៉ះពាល់ដល់នគរបាលអន្តោប្រវេសន៍ និងកាន់តែធ្ងន់គឺប៉ះពាល់ដល់ កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ។

ក្នុងនាម ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ខ្ញុំសូមអំពាវនាវម្តងហើយម្តងទៀតដល់សាធារណជន និងភ្ញៀវបរទេសកំពុងស្នាក់ និងចេញចូលប្រទេសកម្ពុជាទាំងអស់ មេត្តាបញ្ឈប់រាល់ការថតសម្តែងទង្វើ បែបនេះ និងសកម្មភាពនានាខុសពីការពិត តាមទីកន្លែងផ្សេងៗ និងក្នុងតំបន់ហាមឃាត់ដែលជាបទល្មើស ព្រហ្មទណ្ឌ ផ្ទុយនឹងច្បាប់ជាតិ-អន្តរជាតិជាធរមាន។ ជាពិសេស សូមមេត្តាពិនិត្យពិចារណា ថ្លឹងថ្លែង ហេតុនិងផល ផ្អែកលើភស្តុតាងឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ កុំលង់ជឿភ្លាមៗ ចំពោះសកម្មភាពថត សម្តែងនានាលើបណ្តាញសង្គម ដើម្បីទាញយកការចូលទស្សនា (View) ចុចចូលចិត្ត (Like) និងការ ចែករំលែក (Share) ពីអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីផលប្រយោជន៍ណាមួយ។

ពាក់ព័ន្ធនឹងការផ្តល់ទិដ្ឋាការ ក្នុងនាម ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ខ្ញុំសូមរម្លឹកជូនសាធារណជន ជាតិ និងអន្តរជាតិថា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកាត់បន្ថយពេលវេលា ភាពស្មុគ ស្មាញ បញ្ហាអវិជ្ជមាននានា និងតម្លាភាពក្នុងការបំពេញបែបបទទិដ្ឋាការចូល-ចេញកម្ពុជា។

ស្របតាមគោលការណ៍ខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្កើតយន្តការបំពេញ ព័ត៌មានតាមប្រព័ន្ធអនឡាញ Cambodia e-Arrival ដើម្បីធានាថា អ្នកដំណើរជាតិ និងអន្តរជាតិអាច ឆ្លងកាត់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល។ ការងារនេះ ក៏ដើម្បីរួមចំណែកទាក់ទាញភ្ញៀវ ទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថលដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ក្នុងនាម ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមលើកទឹកចិត្តសាធារណជន ឬអ្នកដំណើរជាតិ និងអន្តរជាតិ ចូលបំពេញបែបបទតាមអនឡាញឱ្យបានរយៈពេល ៧ថ្ងៃមុន ថ្ងៃធ្វើដំណើរតាម ទម្រង់បំពេញព័ត៌មានចំនួន៧ភាសា តាមគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia​ e-Arrival៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print