ខេត្តបាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក នាយឧត្តមសេនីយ៍ ទៀ សីហា បានណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនការខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសការជួញដូរគ្រឿងញៀន និងបទ ល្មើសសេដ្ឋកិច្ច ។
ការណែនាំនេះ ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ទិសយោធ ភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នាពេលខាងមុខ នៅទីបញ្ជាការកងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយមានអង្គភាពចំនួន១៨ បានចូលរួមផងដែរ ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានក្រើនរម្លឹកដល់មេបញ្ជាការធ្វើយ៉ាងណាគ្រប់គ្រងសម្ភារបច្ចេកទេសឱ្យបានល្អ ម្យ៉ាងវិញទៀតសូមនាយទាហាន នាយទាហាន រង និងពលទាហានទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿង ញៀន ពិសេសកុំពាក់ព័ន្ធនឹងគ្រឿងញៀនឱ្យសោះ ។
នាយឧត្តមសេនីយ៍ បានស្នើដល់កងកម្លាំងប្រដាប់អាវុធ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់នៅច្រកទ្វារព្រំដែន ត្រូវបង្កើនការខិតខំ ការពារទប់ស្កាត់ បង្ក្រាបការឆ្លងដែនខុសច្បាប់ ទាំងពលករ ទាំងការជួញដូរគ្រឿងញៀន ព្រមទាំងបទល្មើសសេដ្ឋកិច្ច តាមបទបញ្ចារបស់រាជ រដ្ឋាភិបាល និងរក្សាសម្ព័ន្ធមេត្រីភាពរវាងកម្លាំងប្រដាប់ អាវុធនៅសមរភូមិមុខ និងមន្ត្រីរាជការសមរភូមិក្រោយឱ្យកាន់តែរឹងមាំថែមទៀត ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកោតុំសរសើរដល់កងកម្លាំងការពារព្រំដែន ដែលបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ដែលឈរជើងការពារព្រំដែនគោកតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយបានជម្នះឧបសគ្គតូចធំគ្រប់បែបយ៉ាង និងប្រកៀកស្មាគ្នា សាមគ្គី ភាពផ្ទៃក្នុង ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាពនិងបូរណភាពទឹកដី ថែមទាំងបានការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ពិសេសចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការ អភិវឌ្ឍន៍មូលដ្ឋាន ដែលសម្រេចបាននូវសមិទ្ធផលជា ច្រើនជូនដល់ប្រជាពលរដ្ឋយើងផងដែរ ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា មិនភ្លេចនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងការនឹករឮក ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកស្រី និងពីសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ មកជម្រាបជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលឈរជើងការពារនៅបន្ទាត់ព្រំដែននាពេលនេះផងដែរ ។
សូមបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលនាពេលខាង មុខនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់គ្រប់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ ផងដែរ ៕